ភ្នំពេញ៖ ក្រោយទទួលបានលទ្ធផលតេស្ដ អវិជ្ជមានវីរុសកូវីដ១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថាព្រឹត្តិការណ៍៣វិច្ឆិកា បានបានបង្រៀននឹងដាស់តឿន អោយមានការប្រុងប្រយ័តជានិច្ច ទើបអាចយកឈ្នះលើ កូវីដ១៩បាន។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងអ្នករស់នៅជាមួយទាំងអស់ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានទទួលលទ្ធផលតេស្ដ «អវិជ្ជមានកូវីដ១៩»។
យោងតាមហ្វេសប៊ុកផេករបស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «បងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់ ! លទ្ធផលនៃការធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយ គឺល្អណាស់ សម្រាប់ខ្ញុំនិងភរិយាព្រម ទាំងអ្នកនៅជាមួយ ដែលបានបង្ហាញច្បាស់ថាអវិជ្ជមានកូវីដ-១៩ ពោលគឺពុំមានឆ្លងជម្ងឺដ៍កាចសាហាវនេះទេ»។
សម្ដេចបន្តថា ដូចនេះចាប់ពីថ្ងៃស្អែក ១៩វិច្ឆកា ២០២០ ខ្ញុំនឹងចេញទៅធ្វើការឬហាត់ប្រាណ នៅខាងក្រៅដូចមុនថ្ងៃទី៤ វិច្ឆកា ឡើងវិញតែខ្ញុំនៅតែមិនទាន់ឱ្យ កូននិងចៅរបស់ខ្ញុំមកផ្ទះរបស់ខ្ញុំមួយរយៈទៀត ដើម្បីធានាអោយប្រាកដថាខ្ញុំគ្មាន មេរោគចម្លង ទៅកូននិងចៅរបស់ខ្ញុំនោះ ឡើយ។ នេះជាក្តីស្រឡាញ់ដែលឪពុក និងជីតាផ្តល់ឱ្យកូនៗនិងចៅៗ គឺសុវត្ថិភាព របស់កូនៗនិងចៅៗជាទីស្រឡាញ់។
ក្នុងពេលរង់ចាំការធ្វើតេស្ត ចំពោះបងប្អូនផ្សេងទៀត ខ្ញុំអាចប្រកាសជូន ជ្រាបថាព្រឹត្តិការណ៍៣វិច្ឆិកា នឹងត្រូវបិទបញ្ចប់ ការធ្វើចត្តាឡីស័កតាម ពេលវេលាដូចខាងក្រោម៖
១.សម្រាប់ថ្ងៃ១៩ វិច្ឆិកា ២០២០ មានរាជធានីភ្នំពេញចំនួន១៥៦៩នាក់ (មានជនជាតិហុងគ្រីចំនួន៥នាក់)ដោយរាប់ទាំងអ្នកវិជ្ជមាន៤នាក់ ក្នុងនោះជាសះស្បើយ១នាក់ និង៣នាក់កំពុងព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ.សូវៀត ដែលមានទាំងអគ្គរដ្ឋទូតហុងគ្រីម្នាក់ផង។ ខេត្តកណ្តាលចំនួន៦៧នាក់ ខេត្តពោធិសាត់ចំនួន៤០នាក់ ខេត្តព្រៃវែងចំនួន២៣ នាក់ ខេត្តកំពង់ធំចំនួន៣នាក់។
២.សម្រាប់ថ្ងៃ២១ វិច្ឆិកា២០២០ គឺខេត្តកំពង់ឆ្នាំងចំនួន១១នាក់។
៣.សម្រាប់ថ្ងៃ២៣វិច្ឆិកា មានខេត្តកែប ចំនួន១៨នាក់ ខេត្តព្រះសីហនុចំនួន ៤០នាក់ ខេត្តកំពង់ចាមចំនួន១នាក់។
៤.សម្រាប់ថ្ងៃ ២៥វិច្ឆិកា ២០២០មានខេត្ត ព្រះវិហារចំនួន២០នាក់ ខេត្តរតនគិរីចំនួន១០នាក់។
ក្នុងឱកាសនេះ សម្ដេចតេជោ នាយករដ្ឋមន្រ្តី ក៏បានរំលឹក ចំពោះអាជ្ញាធរមូលដ្ឋាន ដែលមានបងប្អូនកំពុងធ្វើចត្តាឡីស័ក ដែលមិនទាន់ដល់ថ្ងៃត្រូវបញ្ចប់ត្រូវណែនាំឱ្យបងប្អូនឱយបន្តធ្វើចត្តាឡីស័កអោយបានត្រឹមត្រូវ បើមិនដូច្នេះទេ នឹងត្រូវប្រឈមនឹង ការតម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃឡើងវិញ ព្រោះផ្នែកសុខាភិបាល កំណត់រយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃយកសំណាកដំបូងមកធ្វើតេស្ត។
សម្ដេចបន្ថែមថា ការដែលយើងអាចប្រកាស បិទបញ្ចប់បាន គឺនៅត្រង់យើងគ្រប់គ្រង បានចំនួនមនុស្សរហូត១៨០២នាក់ នៅតាមរាជធានី ខេត្តចំនួន១១ ដែលមានការពាក់ព័ន្ធ ការធ្វើតេស្ត និងការធ្វើចត្តាឡីស័ក បានត្រឹមត្រូវរយៈពេល១៤ថ្ងៃ ដែលបញ្ហានេះខ្ញុំបានពិភាក្សា យ៉ាងហ្មត់ចត់ ជាមួយរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ នៃក្រសួងសុខាភិបាល។
សម្ដេចបញ្ជាក់បន្ថែមថា ប្រតិបត្តិការនៃព្រឹត្តិការណ៍៣វិច្ឆិកា ពិតជាធំធេង នឹងស្មុគ្រស្មាញក្នុងការស្វែងរក អ្នកជាប់ពាក់ព័ន្ធ ព្រោះវាទាក់ទងដល់មនុស្សច្រើន នឹងរាជធានីខេត្ត ស្រុក ខ័ណ្ឌ ក្រុង ឃុំ សង្កាត់ និងភូមិជាច្រើន ដែលលំបាក ដល់ការស្វែងរក។ ប៉ុន្តែដោយការដឹកនាំ ត្រឹមត្រូវ មានការខិតខំ មានសាមគ្គីភាព និងសហការណ៍ល្អយើងអាច ធ្វើបានដោយរកឃើញគ្រប់មនុស្ស ពាក់ព័ន្ធមិនឱ្យបាត់ដាន ដែលជាមូលហេតុឆ្លង ចូលសហគមន៍ បង្កជាគ្រោះមហន្តរាយសម្រាប់ប្រជាជនយើង។ បទពិសោធន៍ជោគជ័យ របស់យើងនៅពេលនេះ ក៏ដូចជាពេលកន្លងមកគឺស្ថិតនៅលើ ល្បឿននៃការគ្រប់គ្រង សភាពការណ៍ទាន់ពេលនឹងមានកិច្ចសហការ ពីគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីស្វែងរកមុខសញ្ញា ដែលមានការពាក់ព័ន្ធទាំងផ្ទាល់ ទាំងប្រយោលយកសំណាកមកធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
ឆ្លៀតយកឱកាសនេះ សម្ដេចសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះតួអង្គពាក់ព័ន្ធ ពិសេសក្រុមគ្រូពេទ្យជួរមុខ ដែលហ៊ានប្រឈមចំពោះជម្ងឺឆ្លង ដ៏កាចសាហាវ ធ្វើការទាំងយប់ទាំងថ្ងៃ ដោយមិនខ្លាចនឿយហត់។ សម្ដេចសូមផ្ញើជូន នូវការគោរពនិងថ្លែងអំណរគុណ ចំពោះវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈដែលបានខិតខំជួយទៅលើការធ្វើតេស្ត ដោយភាពហ្មត់ចត់នឹងការទទួលខុសត្រូវខ្ពស់។
សម្ដេចក៍សូមអរគុណ ផងដែរដល់បងប្អូន ដែលជាប់ពាក់ពន្ធ័ទាំងដោយផ្ទាល់ និងដោយប្រយោល ដែលបានអត់ធ្មត់រស់នៅដាច់ ដោយឡែករយៈពេល១៤ថ្ងៃតាម ល័ក្ខខណ្ឌ័តម្រូវនៃការធ្វើចត្តាឡីសក័។
សម្ដេចបញ្ជាក់បន្ថែមថា ការប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា មិនមែនមានន័យថា យើងបញ្ចប់ការខិតខំ ដើម្បីប្រយុទ្ធជាមួយកូវីដ១៩នោះទេ ផ្ទុយទៅវិញយើង ត្រូវខិតខំច្រើនជាងមុន ដើម្បីទប់ស្កាត់ឃាតករ លាក់មុខ ដែលយើងមើលមិនឃើញតាមរយៈ ការពាក់ម៉ាស ការលាងដៃ ការរក្សាគម្លាតសុវត្ថិភាព។ល។ តាមការណែនាំរបស់ ក្រសួងសុខាភិបាល។ ត្រូវចងចាំថា ប្រជាជនក្នុង លោកនិយាយជារួម នឹងប្រជាជនកម្ពុជា និយាយដោយឡែក ស្អប់កូវីដ១៩ខ្លាំងណាស់ តែកូវីដ១៩ មិនត្រឹមតែមិនស្អប់ យើងវិញនោះទេ តែវាថែមទាំងស្រឡាញ់ យើងទៀតផង ដែលការស្រឡាញ់ របស់វាមកលើយើងនឹង ធ្វើឱ្យយើងស្លាប់ឬខូចខាត សុខភាពតែប៉ុណ្ណោះ។
សម្ដេចបន្ថែមថា ត្រូវចងចាំ ថាការដែលកម្ពុជា មានមនុស្សឆ្លងតិច នឹងមិនមានមនុស្សស្លាប់ មិនមែន មកពីយើងមានឈាមជាខ្មែរអង្គរ ដែលមានឈាមក្រហមពិសេស អាចប្រឆាំងជាមួយកូវីដ១៩ បានដូចមនុស្សខ្លះ បានអះអាងនោះទេ (ខ្ញុំសង្ឃឹមថាអ្នកអះអាងបែបនេះ នឹងមានសេចក្តីក្លាហាន ពិតប្រាកដ ចូលទៅបំរើ អ្នកកើតកូវីដ១៩ ដោយមិនមានសំភារៈការពារខ្លួន តើឆ្លងឬមិនឆ្លង? ដើម្បីបានជាប្រយោជន៍ សម្រាប់ការស្រាវជ្រាវ វិទ្យាស្ត្រផង នឹងដើម្បីកូនខ្មែរ ដែលមានឈាមក្រហមពិសេស មិនបាច់ការពារខ្លួន ដូចសព្វថ្ងៃផង។ប្រសិនជាអាចធ្វើបានមែន អង្គការសុខភាពពិភពលោក ប្រាកដ ជាប្រកាសទទួលស្គាល់ អ្នកថាជាអ្នកវិទ្យាសាស្ត្រ ដ៏កំពូលគ្មានពីរក្នុងលោក) ។ឬបានមកពីការកត្តាអាកាសធាតុ ដែលធ្វើឱយកូវីដ១៩ មិនអាចឆ្លងចូលបាននោះដែរ។
សម្ដេចបន្តថា ជោគជ័យរបស់យើង បានមកពីការខិតខំរួមគ្នា ទាំងស្ថាប័នព្រះមហាក្សត្រ ស្ថាប័ននីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ ដែលមានក្រសួងសុខាភិបាល ពិសេសក្រុមគ្រូពេទ្យ ជាប្រតិបត្តិករ ដ៏មានប្រសិទ្ធភាព នឹងសំខាន់ជាងទៀត គឺប្រជាជនកម្ពុជា គ្រប់រូបចូលរួមអនុវត្តន៍ នូវវិធានការណ៍ ដែលដាក់ចេញ ដោយរាជរដ្ឋាភិបាល ដោយក្រសួងសុខាភិបាល ដោយអាជ្ញាធរថ្នាក់ ក្រោមជាតិ គ្រប់លំដាប់ថ្នាក់ ដែលខ្ញុំសុំយកឱកាសនេះ សំដែងនូវអំណរគុណ ចំពោះជនរួមជាតិគ្រប់រូប នឹងថ្លែងអំណរព្រះគុណ ចំពោះព្រះសង្ឃ គ្រប់ព្រះអង្គ ព្រមទាំងសប្បុរសជន ដែលបានចូលរួមជួយ ជាថវិកាសំភារៈ ដើម្បីប្រយុទ្ធជាមួយ ជម្ងឺដ៏កាចសាហាវនេះ។
សម្ដេចបន្ថែមថា យើងបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា សំដៅអោយក្រសួងអប់រំយុវជននិងកីឡា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំបើកសាលារៀន និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ ព្រមទាំងធ្វើឱ្យសភាពការ គ្រប់ផ្នែកគ្រប់វិស័យ វឹលទៅរកភាពប្រក្រតី ដូចមុនថ្ងៃ៣វិច្ឆកា ឡើងវិញ តែការប្រយុទ្ធជាមួយកូវីដ-១៩ នៅតែជាអាទិភាព នៃការងាររបស់យើង ទាំងអស់គ្នាដដែល។
សម្ដេចបញ្ជាក់ថា «ព្រឹត្តិការណ៍៣វិច្ឆកា បានបង្រៀនយើង បានរំលឹកយើង បានដាស់តឿនយើងនិង បានណែនាំយើង អោយមានការប្រុងប្រយ័តជានិច្ច ទើបអាចយកឈ្នះលើ កូវីដ១៩បាន។ ត្រូវម្ចាស់ការទប់ស្កាត់ ជាមុនតាមវិធី ការពារប្រសើរជាងការ ព្យាបាល»។
ជាចុងក្រោយសម្ដេច សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខសេចក្តីចំរើន៕