ទូតអង់គ្លេសថ្មី ប្ដេជ្ញាពង្រីកប្រតិបត្តិការ ជាមួយកម្ពុជា បន្ថែមទៀត

0
8

ភ្នំពេញ ៖ លោកស្រីTina Redshaw ឯកអគ្គរដ្ឋទូតអង់គ្លេស ទើបតែងតាំងថ្មី ប្រចាំកម្ពុជាបានប្ដេជ្ញា នឹងបន្តខិតខំពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ជា ពិសេស បន្តជំរុញការអភិវឌ្ឍ វិស័យឯកជន និងពាណិជ្ជកម្មនានា ឲ្យកាន់តែរីកចំរើនបន្ថែមទៀត។ នេះបើយោងតាម សេចក្ដីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច កាលពី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោកស្រីTina Redshaw បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបាននូវ សមិទ្ធផល ផ្លែផ្កាជាច្រើន ជាពិសេស ការចាត់វិធានការយ៉ាង ល្អប្រសើរ ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ។

លោកស្រីគូសបញ្ជាក់ថា «ក្នុងអាណិត្តបំពេញភារកិច្ច ការទូតនេះ នឹងបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិ បត្តិការ លើគ្រប់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស នឹងបន្តជំរុញការអភិវឌ្ឍវិស័យ ឯកជន និងសកម្មភាពពាណិជ្ជកម្មនានា ឲ្យកាន់តែរីក ចំរើនបន្ថែមទៀត»។

ឆ្លៀតឱកាសនោះ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែង អំណរគុណ រដ្ឋាភិបាលអង់គ្លេស តែងតែជួយឧបត្ថម្ភ គាំទ្រចូលរួមចំណែក ជាមួយបណ្តាដៃគូ អភិវឌ្ឍន៍នានា ដោយផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញប្បទានឥតសំណង ជាបន្តបន្ទាប់ដល់ការ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ពិសេសការអភិវឌ្ឍវិស័យអប់រំ តាមរយៈការផ្តល់នូវអាហារូបករណ៍ ថ្នាក់ឧត្តមសិក្សា ,ថ្នាក់ក្រោយឧត្តមសិក្សា ,វគ្គបណ្តុះបណ្តាលដល់មន្រ្តីរាជការ និងនិស្សិតកម្ពុជាឲ្យទៅសិក្សា នៅអង់គ្លេសជាដើម។

លោកក៏បានសង្កត់ធ្ងន់ថា បើទោះជាពិភពលោក កំពុងស្ថិតក្នុងស្ថានភាព ប្រឈមទៅនឹងជំងឺ Covid-19 ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់អាយុជីវិត ,រំខានដល់ សកម្មភាពសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងជីវភាពរស់នៅ , រាជរដ្ឋាភិបាលកម្ពុជា ខិតខំនិងត្រៀមលក្ខណៈ ក្នុងការផ្តល់កិច្ចសហការគំាទ្រ បន្តពង្រីកកិច្ច សហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីសម្រេចបាន នូវសមិទ្ធផលកិច្ច សហប្រតិបត្តិការល្អប្រសើរទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន។

សូមជម្រាបថា ក្នុងជំនួបពិភាក្សាការងារនេះដែរ កម្ពុជា-អង់គ្លេស ក៏ផ្លាស់ប្តូរ ទស្សនៈទានលើឥទ្ធិពលនៃការប្រែប្រួល អាកាសធាតុ ,លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធកាលពីសប្តាហ៍កន្លងមក ជាដើម និងប្តេជ្ញា នឹងបន្តជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការ សកម្មភាពពាណិជ្ជកម្ម និងជំរុញការទាក់ទាញអ្នក វិនិយោគិន ទៅវិញទៅមកឲ្យបានច្រើនបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here