ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ក្នុងពេលរង់ចាំការធ្វើតេស្ត ចំពោះបងប្អូនផ្សេងទៀត សម្តេចអាចប្រកាសថា ព្រឹត្តិការណ៍៣វិច្ឆិកា នឹងត្រូវបិទបញ្ចប់ ការធ្វើចត្តាឡីស័ក តាមពេលវេលាដូចខាងក្រោម៖
១.សម្រាប់ថ្ងៃ១៩ វិច្ឆិកា ២០២០ មានរាជធានីភ្នំពេញចំនួន១៥៦៩នាក់ (មានជនជាតិហុងគ្រីចំនួន៥នាក់) ដោយរាប់ទាំងអ្នកវិជ្ជមាន៤នាក់ ក្នុងនោះជាសះ ស្បើយ១នាក់ និង៣នាក់កំពុងព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដែលមានទាំងអគ្គរដ្ឋទូតហុងគ្រីម្នាក់ផង។ ខេត្តកណ្តាលចំនួន៦៧នាក់ ខេត្តពោធិសាត់ ចំនួន៤០នាក់ ខេត្តព្រៃវែងចំនួន២៣នាក់ ខេត្តកំពង់ធំចំនួន៣នាក់។
២.សម្រាប់ថ្ងៃ២១វិច្ឆិកា២០២០ គឺខេត្តកំពង់ឆ្នាំងចំនួន១១នាក់។
៣.សម្រាប់ថ្ងៃ២៣វិច្ឆិកា មានខេត្តកែប ចំនួន១៨នាក់ ខេត្តព្រះសីហនុចំនួន ៤០នាក់ ខេត្តកំពង់ចាមចំនួន១នាក់។
៤.សម្រាប់ថ្ងៃ ២៥វិច្ឆិកា ២០២០មានខេត្ត ព្រះវិហារចំនួន២០នាក់ ខេត្តរតនគិរីចំនួន១០នាក់។
ជាមួយគ្នានេះសម្តេចរំលឹកអាជ្ញាធរមូលដ្ឋានដែលមាន បងប្អូនកំពុងធ្វើចត្តាឡីស័កមិនទាន់ដល់ថ្ងៃត្រូវបញ្ចប់ត្រូវណែនាំឲ្យបន្តធ្វើចត្តាឡីស័ក បើមិនដូច្នេះទេនឹងត្រូវប្រឈមការតម្រូវឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃឡើងវិញ ព្រោះផ្នែកសុខាភិបាលកំណត់រយៈពេល១៤ថ្ងៃគឺចាប់ពីថ្ងៃយកសំណាកដំបូងមកធ្វើតេស្ត។
នាយករដ្ឋមន្រ្តីបន្ថែមថា ប្រតិបត្តិការនៃព្រឹត្តិការណ៍ ៣វិច្ឆិកា ពិតជាធំធេង និងស្មុគ្រស្មាញក្នុងការស្វែងរកអ្នកជាប់ពាក់ព័ន្ធព្រោះទាក់ទងដល់មនុស្សច្រើន ទាំង រាជធានីខេត្ត ស្រុក ខ័ណ្ឌ ក្រុង ឃុំ សង្កាត់ និងភូមិជាច្រើន ដែលលំបាកដល់ការស្វែងរក។ ប៉ុន្តែដោយការដឹកនាំត្រឹមត្រូវ មានការខិតខំ មានសាមគ្គីភាព និងសហការល្អអាចធ្វើបាន ដោយរកឃើញគ្រប់មនុស្ស ពាក់ព័ន្ធមិនបាត់ដាន ដែលជាមូលហេតុឆ្លង ចូលសហគមន៍ បង្កជាគ្រោះមហន្តរាយ សម្រាប់ប្រជាជន។
សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លទ្ធផលតេស្ដចុងក្រោយ របស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងអ្នករស់នៅជាមួយទាំងអស់ គឺ «អវិជ្ជមានកូវីដ១៩»ទាំងអស់៕