ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញករណីឆ្លងកូវីដ១៩ ថ្មីនៅកម្ពុជានោះទេ ហើយអ្នកជាសះស្បើយពីជំងឺនេះក៏គ្មានដែរ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលបញ្ជាក់ថា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ចំនួនអ្នកជំងឺកូវីដ-១៩ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកានៅសល់ចំនួន៣នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រីឯអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកា ផ្ទាល់ និងប្រយោល សរុបចំនួន ១៤២២នាក់ ទទួលបានលទ្ធផលតេស្តពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺ អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់ សម្រាប់ការធ្វើតេស្តលើកទី៤ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា រកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣០៤នាក់ (ស្ត្រី ៦២នាក់ និងបុរស ២៤២នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៩១នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន ១២នាក់៕