ប្រជាពលរដ្ឋងាយរងគ្រោះបំផុតក្រោយទឹកជំនន់ជិត៧០០គ្រួសារនៅខេត្តកំពង់ធំ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

0
11

ភ្នំពេញ៖ ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតក្រោយទឹកជំនន់ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងលោក សុខ លូ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ព្រមទាំងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូន ចាស់ឥតទីពឹង ស្ត្រីមេម៉ាយ ជនមានពិការភាព និងអ្នកផ្ទុកមេរោគអេដស៍ចំនួន ៦៩៤គ្រួសារ រស់នៅក្នុងភូមិចំនួន៥ ឃុំផាត់សណ្តាយ នៃស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

មានមតិស្វាគមន៍នាពេលនោះ លោក សុខ លូ ប្រធានគណ:កម្មាធិការសាខា បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ដល់គណ:ប្រតិភូកាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ដែលតែងតែគិតគូរដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត។ ទន្ទឹមនឹងនេះ ឯកឧត្តម បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន អនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ជាពិសេសជៀសវាងអំពើហិង្សាក្នុងគ្រួសារ គ្រឿងញៀន គ្រឿងស្រវឹង ដើម្បីភាពសុខសាន្តក្នុងក្រុមគ្រួសារ និងចូលរួមពង្រឹងសាមគ្គីភាពជាតិ និងរក្សាសុខសន្តិភាពឱ្យបានគង់វង្ស ព្រោះមានសន្តិភាព​ ទេីបមានកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍ។

ក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋលោកស្រីអគ្គលេខាធិការ បានពាំនាំនូវព្រះរាជបន្ទូលផ្តាំផ្ញើដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខប្រជាពលរដ្ឋទាំងអស់ដោយ មនោសញ្ចេតនា ការនឹករលឹក អាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបញ្ហា សុខភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។

លោកស្រីអគ្គលេខាធិការ បានពាំនាំនូវសារអំពាវនាវរបស់          សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានស្មារតីប្រុងប្រយ័ត្នជានិច្ចពីជំងឺកូវីដ-១៩ កុំមានការភ័យស្លន់ស្លោ ថ្វីត្បិតតែមិនទាន់មានថ្នាំព្យាបាលបានប៉ុន្តែយើងអាចទប់ស្កាត់បានតាមរយ:ការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់ក្រសួងសុខាភិបាល ដែលជាពិសេសត្រូវអនុវត្ត «រស់នៅធម្មតា តាមបែបគន្លងថ្មី»។ ក្នុងន័យនេះ សូមប្រជាពលរដ្ឋទាំងអស់ គិតគូរពីគម្លាតសុវត្ថិភាពសង្គម គម្លាតសុវត្ថិភាពបុគ្គល ពាក់ម៉ាស់ការពារ រក្សាអនាម័យឧស្សាហ៍លាងដៃនឹងសាប៊ូ ឬ អាល់កុល។ ជាមួយគ្នានេះ សូមលើកទឹកចិត្តដល់ស្ត្រីដែលមានផ្ទៃពោះត្រូវទៅពិនិត្យផ្ទៃពោះឱ្យបាន៤ដង មុន ពេលសម្រាល និងទៅធ្វើតេស្តឈាមរកមេរោគអេដស៍ ដើម្បីការពារកុំឱ្យឆ្លងពីម្តាយទៅកូន និងត្រូវស្វែងរកមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកសម្រាលកូនឱ្យបានត្រឹមត្រូវ។

បន្ថែមលើនេះដែរ លោកស្រី បានសំណូមពរ ដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាគិតគូរថែទាំសុខភាព ឱ្យបានល្អ និងត្រូវរស់នៅដោយមានអនាម័យ ពិសាទឹកដាំឆ្អិនល្អ ប្រើប្រាស់ទឹកស្អាត ដើម្បីជៀសផុតពីជំងឺផ្សេងៗនិងត្រូវមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដោយការលង់ទឹកជាយថាហេតុ។

ក្នុងនោះដើម្បីរក្សាគម្លាតសុវត្ថិភាពសង្គម និងសម្រួលដល់        ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាកបាទក្រហមកម្ពុជា បានរៀបចំពិធីចែកចាយនៅទីតាំងចំនួន២ផ្សេងគ្នាគឺ៖ ទីតាំងទី១ ស្ថិតនៅក្នុងបរិវេណវត្តកំពង់ចម្លង សម្រាប់ប្រជាពលរដ្ឋ ចំនួន ១៧៨គ្រួសារ រស់នៅក្នុងភូមិទួលនាងសាវ នៃឃុំផាត់ សណ្តាយ និងទីតាំងទី២ ស្ថិតនៅក្នុងសាលាបឋមសិក្សាផាត់ សណ្តាយ សម្រាប់ប្រជាពលរដ្ឋ ៥១៦គ្រួសារ រស់នៅភូមិ ទួលនាងសាវ កំពង់ចម្លង ផាត់សណ្តាយ កោះតាពៅ នៃឃុំផាត់សណ្តាយ។

សូមបញ្ជាក់ថា អំណោយអង្ករដែលទទួលពីក្រុមហ៊ុន  ព្រូដិនសលកម្ពុជា និងអំបិលពីក្រុមហ៊ុនសុវណ្ណគិរី ផ្តល់ជូន    ដល់ក្រុមគ្រួសាររងគ្រោះនីមួយៗ ៖ អង្ករ ២៥ គីឡូក្រាម, អំបិល ២ គីឡូក្រាម និងមី ១កេស, ត្រីខ ១០កំប៉ុង, ឃីត ១កញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២) ជាអំណោយកាកបាទក្រហមកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here