ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានមានប្រសាសន៍ថា ការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្រ្តយ៉ាងសំខាន់ សម្រាប់ការពារជាតិ។
នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងពិធីសំណេះសំណាល វាយតម្លៃការងារ និងត្រួតពិនិត្យការសាកល្បងបាញ់គ្រាប់ពិតរបស់យោធិនដែលកំពុងតែហ្វឹកហ្វឺនបណ្តុះបណ្តាលបេីកបរជំនាញរថក្រោះ T55 និងជំនាញរថពាសដែក BMP1 នៅសាលាហ្វឹកហ្វឺនតេជោសែន ជុំគិរី របស់កងពលតូចលេខ៧០ នា ខេត្តកំពតលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០
បានមានប្រសាសន៍ថា ការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្រ្តយ៉ាងសំខាន់ សម្រាប់ការពារជាតិ តាមរយៈការផ្តល់ចំណេះដឹង និងពុទ្ធិដល់កងទ័ព ជាពិសេសយោធិនវ័យក្មេង ដែលជាអ្នកបន្តវេនជំនាន់ក្រោយ។
លោកមេបញ្ជាការបានបន្ថែមថា ផែនការហ្វឹកហ្វឺន បានបន្តជម្រុញអោយយោធិនមានសមត្ថភាព និងគុណភាពហ្វឹនហ្វឺន បង្កើនសមត្ថភាពដល់កងទ័ពអោយបានយល់ដឹងកាន់តែច្បាស់ និងស្ទាត់ជំនាញ ក្នុងការបញ្ជាបាញ់គ្រាប់អោយបានល្អ និង ចំគោលដៅ មានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់សម្ភារ: គ្រឿងបំពាក់ត្រូវតាមលក្ខណៈបច្ចេកទេសឆ្លើយតបទៅនឹងតម្រូវការចាំបាច់តាមភារកិច្ចដែលបានចាត់តាំងរបស់កងយោធពលខេមរភូមិន្ទប្រកបដោយភាពទទួលខុសត្រូវជានិច្ច៕