ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន តាមរយ:JICAបានផ្ដល់ ឥណទានសម្បទាន សរុបចំនួន ២៣៤,៦ លានដុល្លារ ដល់កម្ពុជា សម្រាប់កម្មវិធីគាំទ្របន្ទាន់ ដើម្បីឆ្លើយតប ទៅនឹងវិបត្តិនៃជំងឺកូវីដ-១៩។
យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ JICA នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ការផ្ដល់ឥណទានសម្បទាន នាពេលនេះគឺក្នុងគោលបំណង លើកកម្ពស់ ស្ថានភាពសេដ្ឋកិច្ច និងកិច្ចខិតខំប្រឹងប្រែង អភិវឌ្ឍន៍ផ្សេងៗ របស់រដ្ឋាភិបាលកម្ពុជា រួមមាន៖ការពង្រឹងប្រព័ន្ធសុខាភិបាល កម្មវិធីជំនួយសង្គម បណ្តាញភស្តុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត ដែលបានរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវី-១៩។
ក្នុងនាមជាដៃគូរអភិវឌ្ឍន៍ JICA តែងតែប្រកាន់ភ្ជាប់នូវអភិក្រមរួម ដើម្បីគាំទ្ររដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងបន្តរួមដៃជាមួយប្រទេសកម្ពុជាប្រយុទ្ធនឹងជំងឺកូវីដ១៩។
ក្នុងបរិបទនេះ JICA បានកំពុងជួយគាំទ្រកែលម្អរ មន្ទីរពេទ្យនិងបំពាក់ បរិក្ខារពេទ្យថ្មី នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងមន្ទីពេទ្យបង្អែកខេត្តសៀមរាប ផ្តល់សម្ភារ អនាម័យ ដល់មជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា-ជប៉ុន បំពាក់ម៉ាស៊ីនទែម៉ូម៉ែត្រ វាស់កម្ដៅ និងផ្តល់សម្ភារៈមួយចំនួនដូចជារថយន្តក្រុង ក្នុងរាជធានីភ្នំពេញ ដើម្បីបង្ការការឆ្លងជំងឺ។
ទន្ទឹមនឹងនេះ JICA បានកំពុងអនុវត្តន៍ គម្រោងកិច្ច សហប្របត្តិការបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាព មន្ត្រីដែលកំពុងបម្រើការ ក្នុងវិស័យសុខាភិបាល តាមរយៈការបញ្ជូនជំនាញការ មកប្រទេសកម្ពុជា និងរៀបចំការបណ្តុះបណ្តាល ដល់មន្ត្រីផងដែរ ៕