ភ្នំពេញ៖ លោក Michael Tan Keng Siong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីជំងឺរាតត្បាត ជាសាកល Covid-19 មានភាពធូរស្រាល លោកជឿជាក់ថា នឹងមានវិនិយោគិនសិង្ហបុរីជាច្រើន ធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីពិនិត្យមើលឱកាសវិនិយោគ ពិសេសលើវិស័យសំណង់ លំនៅឋាន និងអចលនទ្រព្យ។នេះបើយោងតាមAKP។
ការលើកឡើងនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងពេលដែលនឹងត្រូវបញ្ចប់អាណត្តិ បេសកកម្មការទូតរបស់ លោកឯកអគ្គរដ្ឋទូត ជាមួយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងរៀបចំដែនដី។
លោក Michael Tan Keng Siong បានមានប្រសាសន៍សម្តែង នូវការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំវិធានការ ត្រឹមត្រូវទទួលបាន ជោគជ័យក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ នៃជំងឺរាតត្បាត ជាសកលCovid-19។
លោកទូតបញ្ជាក់ថា មន្ត្រីគ្រប់លំដាប់ថ្នាក់ របស់ស្ថានទូតនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំកម្ពុជា មានមោទនភាពយ៉ាងខ្លាំង ក្នុងការបំបេញបេសកកម្ម នៅកម្ពុជា ដែលអាចទទួលបាន នូវសុវត្ថិភាព និងសេរីភាពក្នុងការធ្វើដំណើរ និងប្រកប ការងារប្រចាំថ្ងៃ ក្នុងខណៈពេលដែលប្រជាជន ក្នុងបណ្តាប្រទេសជាច្រើន លើសកលលោក កំពុងប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាត ជាសកល Covid-19 នេះ។
លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានបង្កលក្ខណៈដល់បេសកកម្មការទូតរបស់លោកកន្លងមក ទទួលបាននូវភាពជោគជ័យ គួរជាទីមោទនៈ។
ជាការឆ្លើយតបលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានថ្លែងអំណរគុណ ដល់លោកឯកអគ្គរដ្ឋទូតសិង្ហបុរី Michael Tan Keng Siong ដែលបានផ្តល់នូវសច្ចភាព ដល់កម្ពុជា ចំពោះភាពជោគជ័យ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់នៃការរាតត្បាតជាសាកលជំងឺ Covid-19 និងសូមចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់ជិវិត ប្រជាជនសិង្ហបុរីចំនួន ២៨ នាក់ផងដែរ។
ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះ កាកបាទក្រហមសិង្ហបុរី ដែលបានផ្តល់ជំនួយ ដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ជនរងគ្រោះ ដោយសារទឹកជំនន់ កាលពីដើមខែតុលា ឆ្នាំ ២០២០។
លោក ជា សុផារា៉ បានបន្ដថា ដើម្បីរឹតបន្តឹងចំណងមិត្តភាព រវាងស្ថាប័នទាំងពីរ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្តល់អាទិភាពទទួល យកក្រុមហ៊ុនសំណង់ របស់សិង្ហបុរី ដើម្បីក្លាយជាក្រុមហ៊ុនត្រួតពិនិត្យ និងបញ្ជាក់សំណង់ នៅកម្ពុជា បន្ទាប់ពីអនុក្រឹត្យស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការត្រួតពិនិត្យ និងបញ្ជាក់សំណង់ បាន អនុម័តដោយគណៈរដ្ឋមន្ត្រីរួច។ ជាមួយគ្នានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏នឹងផ្តល់អាទិភាព សម្រាប់ក្រុមហ៊ុនត្រួតពិនិត្យ និងបញ្ជាក់សំណង់របស់សិង្ហបុរី និងជប៉ុន ដើម្បីធ្វើកិច្ចសន្យាជួល ការិយាល័យនៅទីស្តីការថ្មី របស់ក្រសួង ។
លោកឧបនាយករដ្ឋមន្រ្តី ក៏បានបង្ហាញពីការចូលរួម អបអរសាទរខួបលើកទី ៥៥ នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ (កម្ពុជា-សិង្ហបុរី) និងប្តេជ្ញាបន្តរឹតបន្តឹងចំណងមិត្តភាព ជាមួយស្ថានទូតសិង្ហបុរី ឱ្យកាន់តែរឹងមាំថែមទៀត៕