ភ្នំពេញ៖ វគ្គហ្វឹកហ្វឺនបំប៉នជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្គ្រោះ ជំនាន់ទី៤ នៅតំបន់ទន្លេ របស់បញ្ជាការដ្ឋានទ័ពពិសេស បានប្រារព្ធពិធីបិទបញ្ចប់ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ អនុប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។នេះបើយោងតាមកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។
ថ្លែងក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះ បានឱ្យដឹងថា កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់ អនុវត្តយ៉ាងម៉ឺងមាត់ត្រឹមត្រូវតាមកម្មវិធីកំណែ ទម្រង់ ផែនការសកម្មភាពការងារនិងគោលការណ៍នានាក្រោមការដឹកនាំចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងថ្នាក់ដឹកនាំអគ្គបញ្ជាការ ក្នុងគោលដៅកសាងកងយោធពលខេមរភូមិន្ទឲ្យមានសមត្ថភាព ប្រសិទ្ធភាព ទាំងការដឹកនាំបញ្ជា ទាំងជំនាញ បច្ចេកទេស ធានាបានទាំងបរិមាណ គុណភាព ឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់ នៃការរីកចម្រើន របស់សង្គមជាតិ រួមចំណែកធានារ៉ាប់រង ក្នុង បុព្វហេតុការពារសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទប់ស្កាត់ការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងកម្ពុជា និងប្រឆាំងដាច់ខាតរាល់សកម្មភាពដែលពាក់ព័ន្ធ នឹង ចលនាបដិវត្តន៍ពណ៌ ឬការញុះញង់ណាមួយ ដែលបង្កឲ្យ មានអស្ថិរភាពនយោបាយ ឬចលាចលក្នុង សង្គមជាតិកម្ពុជា។
ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ បានសម្តែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងរបស់ឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៅក្នុងបញ្ជាការដ្ឋានទ័ពពិសេសទាំងអស់ ដែលបានសហការសាមគ្គី ឯកភាព ធ្វើឲ្យសម្រេចនូវផែនការហ្វឹកហ្វឺន ប្រចាំឆ្នាំរបស់កងពលនាពេលនេះ។
បន្ថែមពីនោះ ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ បានផ្តល់អនុសាស្ត្រ និងជំរុញដល់កងពលបញ្ជាការ ដ្ឋានទ័ពពិសេស ត្រូវបន្ត ជំរុញ ការយកចិត្ត ទុកដាក់ បង្កើនសមត្ថភាព ធនធានមនុស្ស ដើម្បីដើរតាមការវិវឌ្ឍន៍ជឿន លឿនលើ គ្រប់ វិស័យក្នុងតំបន់ ពិសេសក្នុងវិស័យការពារជាតិ ហើយ ការហ្វឹកហ្វឺននេះ គឺជាការឆ្លើយតបដ៏ សមស្របទាន់ពេលវេលាទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្ស ប្រកបដោយសមត្ថភាព គុណភាពខ្ពស់ ដើម្បីបំរើឲ្យការបំពេញភារកិច្ច បំរើជាតិ មាតុភូមិរបស់យើង ចំពោះមុខ និងទៅថ្ងៃអនាគត។ ហើយក្រៅពីភារកិច្ចស្នូល មួយផ្នែករ៉ាប់រងភារកិច្ច ជាកម្លាំងអន្តរាគមន៍ ត្រៀមប្រយុទ្ធ គ្រប់ពេលវេលា មួយផ្នែកជាមជ្ឈមណ្ឌលហ្វឹកហ្វឺនកសាងប្រភពធនធានមនុស្ស ដើម្បីធានារ៉ាប់រង លើភារកិច្ចការពារបូរណភាពទឹកដី រក្សានូវសុខសន្តិភាព និងសណ្ដាប់ធ្នាប់ ឆ្លើយតបទៅនឹងគោលនយោបាយភូមិឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា គឺត្រូវត្រៀមជានិច្ចនូវកម្លាំង និងមធ្យោបាយសម្ភារសហការណ៍ ជួយសង្គ្រោះ ប្រជាពលរដ្ឋ នៅពេលមានគ្រោះមហន្តរាយ និងបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីឧបត្ថម្ភដល់ការហូបចុក ប្រចាំថ្ងៃ និងទ្រទ្រង់ជីវភាពរស់នៅរបស់កងទ័ព ពីមួយថ្ងៃទៅមួយថ្ងៃឲ្យមានភាពកាន់តែប្រសើរ។ ទន្ទឹមនិងនោះផងដែរ ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ បានឧបត្ថមថវិកាសំរាប់កម្មវិធី ចំនួន ៥លានរៀល និងបាន នាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ចែកជូនដល់ប្រជាជនចំនួន ៣៥គ្រួសារ ដោយមួយគ្រួសារៗ ទទួលបាន អង្ករ មី ត្រីខ ទឹកត្រី អំបិល និងស្កសរ។
ឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានទ័ពពិសេស មាន ប្រសាសន៏ថា ដោយអនុវត្តតាមបទបញ្ជាហ្វឹកហ្វឺនរបស់មេបញ្ជាការ កងទ័ពជើងគោក អគ្គមេបញ្ជាការនៃកងយោធពលខេមរៈភូមិន្ទ និងផ្អែកតាមសេចក្តីត្រូវការចាំបាច់ របស់ កងយោធពលខេមរភូមិន្ទ លើការ បណ្តុះបណ្តាលធនធានមនុស្ស ផ្នែកជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្គ្រោះ ជំនាន់ទី៤។
គួរជម្រាបជូនផងដែរថា វគ្គបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្គ្រោះ ជំនាន់ទី៤ ឲ្យដល់កងយោធពលខេមរភូមិន្ទ សិក្ខាកាមរួមមាន បញ្ជាការដ្ឋានទ័ពពិសេសចំនួន៧៩នាក់ កងពលធំអន្តរាគមន៍លេខ២ ចំនួន២០នាក់ កងពលធំអន្តរាគមន៍លេខ៣ ចំនួន ១៥នាក់ និង កងពលតូចអន្តរាគមន៍លេខ១ ចំនួន២០នាក់ ហើយរយៈពេលហ្វឹកហ្វឺនចំនួន៣ខែ៕