អង្គការសុខភាពពិភពលោក កោតសរសើរកម្ពុជា ដែលបានឆ្លើយតបយ៉ាងល្អប្រសើរចំពោះព្រឹត្តិការណ៍៣ វិច្ឆិកា

0
33

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត តាក់កឺស៊ី កាសៃ (Dr. Takeshi Kasai) អគ្គនាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច បានថ្លែងកោតសរសើរ និងចូលរួមអបអរសាទរកម្ពុជា តាមរយៈបណ្តាញសង្គម Twitter នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ចំពោះ ការឆ្លើយតបត្រឹមត្រូវជាគំរូក្នុងសុខភាពសាធារណៈ និងអនុវត្តបានយ៉ាងមានប្រសិទ្ធភាព តាមរយៈការធ្វើសកម្មភាពបានរហ័ស ក្នុងការរុករកអ្នកឆ្លងវីរុសកូវីដ-១៩ ដោយបានធ្វើអន្តរាគមន៍ចំចំណុចបានល្អប្រសើរ។នេះបើយោងតាមAKP។

ក្នុងន័យកោតសរសើរស្រដៀងគ្នានេះផងដែរ លោកស្រីវេជ្ជបណ្ឌិត លី អានលែន (Dr. Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា តាមរយៈបណ្តាញសង្គម twitter បានឱ្យដឹងថា “ខ្ញុំសូមចូលរួមអបអរសាទរកម្ពុជា ក្នុងការគ្រប់គ្រងព្រឹត្តិការណ៍៣ វិច្ឆិកា យ៉ាងមានប្រសិទ្ធភាព និងធ្វើឱ្យកម្ពុជាមានសុវត្ថិភាពពីរីរុសកូវីដ-១៩នេះ។ ការឆាប់រកឃើញ ការឆ្លើយតបរហ័ស ជាមួយនឹងអន្តរាគមន៍ដែលមានគោលដៅច្បាស់លាស់ គឺជាកត្តាចាំបាច់នាំមកនូវជោគជ័យ”។

គួររម្លឹកថា ព្រឹត្តិការណ៍ ថ្ងៃ៣ វិច្ឆិកា បានកើតឡើងក្នុងដំណើរទស្សនកិច្ចរបស់ រដ្ឋមន្ត្រីការបរទេសហុងគ្រី នៅព្រះរាជាណាចក្រកម្ពុជា ហើយដែលធ្វើឱ្យ មនុស្សចំនួន ៤នាក់ ឆ្លងវីរុសកូវីដ-១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here