តើប្រជាពលរដ្ឋ ក្នុងតំបន់អង្គរ ត្រូវមានឯកសារអ្វីខ្លះ ដើម្បីស្នើសុំសាងផ្ទះថ្មី ជំនួសផ្ទះចាស់បាន?

0
10

ភ្នំពេញ៖ ការសាងសង់លំនៅដ្ឋាន នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវតែប្រព្រឹត្តទៅតាម លក្ខខណ្ឌដែលបានកំណត់ ដោយច្បាប់ ដែលគ្រប់គ្រងដោយ អាជ្ញាធរជាតិអប្សរា ដើម្បីរក្សាបាននូវទេសភាពវប្បធម៌ អត្តសញ្ញាណខ្មែរបុរាណដ្ឋាន ត្រូវការពារនិងចៀសវាង ការបំផ្លាញផ្សេងៗ នៅក្នុងតំបន់បេតិកភណ្ឌ ពិភពលោក។ នេះបើយោងតាម អាជ្ញាធរជាតិអប្សរា។

តាមការរៀបរាប់ របស់លោកតា កែវ ផៃ ប្រជាពលរដ្ឋនៅភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលទើបសង់ផ្ទះរួចមានប្រសាសន៍ថា៖ ខ្ញុំស្នើសុំច្បាប់សាងសង់ផ្ទះមិនមានការលំបាកទេ ត្រឹម១ខែគេចេញច្បាប់ឱ្យធ្វើព្រោះខ្ញុំមានឯកសារគ្រប់គ្រាន់និងត្រឹមត្រូវតាមលក្ខខណ្ឌដែលអាជ្ញាធរជាតិអប្សរាបានកំណត់ដូចជា ខ្ញុំជាអ្នកស្រុកចាស់រស់នៅតាំងពីឆ្នាំ១៩៨០ជាង មានខ្នងផ្ទះចាស់ មានឯកសារកាន់កាប់ដីធ្លីស្របច្បាប់ មានសៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ មុននិងក្រោយអនុញ្ញាតច្បាប់សាងសង់ អាជ្ញាធរជាតិអប្សរាតែងចុះមកពិនិត្យ ថតរូប ក៏ដូចជាប្រឹក្សាយោបល់ផ្សេងៗ។ ពេលបានសាងសង់ហើយ សូមប្រជាពលរដ្ឋកុំធ្វើហួសពីការស្នើសុំ ឬក៏លួចធ្វើដោយគ្មានការអនុញ្ញាត។

ជាប្រជាពលរដ្ឋដែលរស់នៅ ភូមិអូរទទឹងដែរ លោក សួង ដានី បានលើកឡើងថា ខ្ញុំបានសុំច្បាប់សាងសង់តាមរយៈមេភូមិ ហើយមិនមានជួបការលំបាកអីទេ ព្រោះខ្ញុំភ្ជាប់ជាមួយឯកសារដែលគេត្រូវការត្រឹមត្រូវ។ មិនតែប៉ុណ្ណោះ អាជ្ញាធរជាតិអប្សរា បានជួយសម្របសម្រួល គូស ប្លង់បច្ចេកទេស និងរចនាបទផ្ទះបែបខ្មែរឱ្យខ្ញុំទៀតផង។ ចំពោះការដាក់ពាក្យស្នើសុំវិញ ក៏ពុំមានការបង់ប្រាក់ដែរ ហើយខ្ញុំក៏គោរពទៅតាម ការស្នើសុំទាំងម៉ូតផ្ទះ ទំហំ របង មិនឱ្យសពីច្បាប់សុំ។

លោក ដានី ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ នៅក្នុងឧទ្យានអង្គរទាំងអស់ មុនធ្វើផ្ទះ ធ្វើសំណង់អ្វីមួយត្រូ វគោរពតាមច្បាប់ ត្រូវមានឯកសារគ្រប់គ្រាន់ និងស្របតាមលក្ខខណ្ឌ កំណត់នោះមិនមានផលលំបាក ក្នុងការស្នើសុំសាងសង់ទេ ហើយចៀសវាងការលួច ធ្វើតាមចិត្តឯងដែលនាំឱ្យប៉ះពាល់ ដល់តម្លៃរមណីយដ្ឋានអង្គរ និងផលប្រយោជន៍ខ្លួន។

លោក ខៀវ វិចិត្រ មន្ត្រីបច្ចេកទេស នៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋាន ក្នុងតំបន់អង្គរបាន បញ្ជាក់ថា បើប្រជាពលរដ្ឋ មានបំណងចង់ដាក់ពាក្យស្នើសុំ សាងសង់លំនៅដ្ឋាន ជួសជុលតូចតាច និងសំណើផ្សេងៗ អាចមកដាក់ពាក្យនៅច្រកចេញចូល ទាំង៦ របស់អាជ្ញាធរជាតិអប្សរា ដែលមានមន្ត្រី បុគ្គលិក ប្រចាំការនៅទីនោះចាំប្រឹក្សា យោបល់ អំពីឯកសារដែលត្រូវភ្ជាប់ មកជាមួយដូចជា លិខិតកាន់កាប់ដីធ្លីស្របច្បាប់ សៀវភៅគ្រួសារ សំបុត្រកំណើត ប្លង់ដី និងអត្តសញ្ញាណបណ្ណ។ ពេលបានលិខិតអនុញ្ញាត ក្រុមការងារនឹងចុះមក ពិនិត្យទីតាំងផ្ទាល់ រួមទាំងតាមដានសកម្មភាពសាងសង់ថា ត្រឹមត្រូវឬខុសពីលក្ខខណ្ឌ ដែលបានស្នើសុំ។

ករណីប្រជាពលរដ្ឋ ដែលគោរពតាមគោលការណ៍ ក្នុងការស្នើសុំអាជ្ញាធរជាតិអប្សរា នឹងមានលិខិតសរសើរ ដល់ពួកគាត់បានចូលរួមលើកស្ទួយ តម្លៃតំបន់អង្គរ ហើយរាល់ការដាក់ពាក្យស្នើសុំ គឺពុំមានបង់ថវិកាឡើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here