ពូជស្រូវជាង៨០តោន ដែលជាអំណោយ របស់សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនពលរដ្ឋ ប្រមាណ៨០០គ្រួសារ នៅខេត្តកំពង់ធំ

0
24

ភ្នំពេញ៖ នាព្រឹកថ្ងៃច័ន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០លោក ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តចុះពិនិត្យវឌ្ឍនភាព នៃការបង្ករបង្កើនផល ការស្តារឡើងវិញ និងនាំយកពូជស្រូវជាង៨០តោន ជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋប្រមាណ ៨០០គ្រួសារ មកពី១២ឃុំ ក្នុងស្រុកសន្ទុក និងស្រុកបារាយ ខេត្តកំពង់ធំ ដោយក្នុងមួយគ្រួសារទទួលបានស្រូវពូជចំនួន១០០ គីឡូក្រាម និងថវិការចំនួន ៥ម៉ឺនរៀល ។

យោងតាម គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ បានឲ្យដឹងបន្ថែមថាក្នុងពិធីនេះដែរ ក៏មានការចូលរួមពីលោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ។

លោក ទេសរដ្ឋមន្ត្រីគន់ គីម បានពាំនាំនូវ ការសាកសួរសុខទុក្ខ និងការនឹករលឹក យកចិត្តទុកដាក់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន «សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ ណាស់លើការដាំដុះឡើងវិញ របស់ប្រជាពលរដ្ឋ។ ការបង្កបង្កើនក្រោយទឹកជំនន់ ជាកិច្ចការចាំបាច់ណាស់ ដើម្បីដោះស្រាយ បញ្ហាស្បៀងអាហារ និងបញ្ហាក្នុងជីវភាពរបស់ប្រជាពលរដ្ឋរងគ្រោះ។ ការសង្គ្រោះពលរដ្ឋ ពីការជន់លិចជាសំខាន់ តែវាកាន់តែចាំបាច់ថែមទៀត ការស្តារឡើងវិញនូវជីវភាពនិងការដាំដុះ របស់ប្រជាពលរដ្ឋ ក្រោយពេលទឹកស្រកទៅវិញ»។

លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកំពង់ធំ ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន កងកម្លាំងគ្រប់ជាន់ថ្នាក់ ដែលបានជួយយ៉ាង សស្រាក់សស្រាំ តាំងពីពេលឆ្លើយតប សង្គ្រោះបន្ទាន់ និងស្តារឡើងវិញ ។

លោក វេង សាខុន បានបញ្ជាក់ថា ឆ្នាំ ២០២០នេះ ការដាំស្រូវសម្រេចបាន លើសផែនការ គឺបាន១០៧.៥%ជាង តែដោយសារឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុ នាំឱ្យមានភាពរាំងស្ងួតនៅដើមរដូវ បន្ទាប់មកមានទឹកជំនន់ ដោយសារទឹកភ្លៀង បណ្តាលឱ្យមានការខូចខាត ផលដំណាំមួយចំនួន ដែលមិនអាចស្តារឡើងវិញ បានទាំងស្រុង ។ គ្រោះទឹកជំនន់ ដោយសារទឹកភ្លៀងថ្មីៗនេះ នៅទូទាំងខេត្តកំពង់ធំ បានប៉ះពាល់ដល់ ស្រែជាង ១៨០០០ ហិចតា និងរងការខូចខាតទាំងស្រុងជាង ១០០០០ ហិចតា ហើយគិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកានេះ ការស្តាឡើងវិញ ចំពោះផ្ទៃដីដែលអាចស្តារ បានគឺសម្រេចបានជាង ៨០%ហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here