នាយសេនាធិការ បញ្ជាការដ្ឋានកងទ័ពជើងគោក ត្រូវបានផ្លាស់ប្ដូរ និងតែងតាំងថ្មី

0
10

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យប្រកាសតែងតាំងមុខតំណែង ឧត្ដមសេនីយ៍ឯក ខឹមជា សាឃឿន អត្តលេខ ០០០១១៦ ជាមេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានកងទ័ពជើងគោក ជំនួសនាយឧត្ដមសេនីយ៍ ជា សារ៉ន ដែលត្រូវទៅទទួលភារកិច្ចថ្មី ជារដ្ឋលេខាធិការ ក្រសួងការពារជាតិ។

ពិធីប្រកាសចូលកាន់ មុខតំណែង បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ក្រោមអធិបតីភាព នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ។

ក្នុងរបាយការណ៍ស្វាគមន៍ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានគូសបញ្ជាក់ពីការរីកចម្រើន លើគ្រប់ផ្នែក របស់បញ្ជាការដ្ឋាន កងទ័ពជើងគោក មានដូចជា ម្ចាស់ការបំពេញ ភារកិច្ចស្នូល ការងារហ្វឹកហ្វឺន ការចូលរួមស្តារ អភិវឌ្ឍសង្គមជាតិ រួមទាំងកិច្ចសហការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ។

ក្នុងមតិសំណេះសំណាល នាឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះ កងយោធពលខេមរភូមិន្ទ គ្រប់បណ្ដាប្រភេទទ័ព ដែលបានយកចិត្តទុកដាក់ អនុវត្តតួនាទីភារកិច្ច ការពារបូរណភាពទឹកដី ជាពិសេសបានចូលជ្រៅ ដល់ដំណើរការកំណែទម្រង់ កងយោធពលខេមរភូមិន្ទ(និយាយជារួម) និងនិយាយដោយឡែក បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានខិតខំជម្នះគ្រប់ឧបសគ្គ និងសម្រេចបាន លទ្ធផលគួរជាទីមោទនៈ។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអបអរសាទរ និង វាយតម្លៃខ្ពស់ ចំពោះសកម្មភាពស្នាដៃរបស់ ឧត្ដមសេនីយ៍ឯក ខឹមជា សាឃឿន ដែលបានខិតខំយកអស់ស្មារតីទទួលខុសត្រូវក្នុងកិច្ចការបំរើជាតិមាតុភូមិនាពេលកន្លងមក ព្រមទាំងផ្តាំផ្ញើឲ្យខិតខំបំពេញភារកិច្ចក្នុងនាមជានាយសេនាធិការកងទ័ពជើងគោក ការលើកកម្ពស់សមត្ថភាព សីលធម៌ គុណធម៌ ការចែករំលែកចំណេះដឹង បទពិសោធន៍ដល់នាយទាហានបន្តវេន និងការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង។

បន្ថែមលើនេះ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ នាយទាហាននៃបញ្ជាការដ្ឋានកងទ័ពជើងគោក ត្រូវបន្តពង្រឹងការអនុវត្តច្បាប់លក្ខ័ន្តិកៈ បទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ, គោរពអនុវត្តឲ្យបានម៉ឺងម៉ាត់បទបញ្ញត្តិ ១០ ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងឱកាសអបអរខួប២០ឆ្នាំថ្ងៃកំណើតកងទ័ពជើងគោក (២៤-មករា-២០១៩)។

ទន្ទឹមនោះ ត្រូវចូលរួមការពារសន្តិភាពឲ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៍ដោយ និងត្រូវយកចិត្តទុកដាក់កសាងធនធានមនុស្សសម្រាប់ជាប្រភពបន្តវេនទៅថ្ងៃអនាគត រួមទាំងការពិនិត្យឲ្យបានត្រឹមត្រូវការតម្លើងឋានន្តរសក្ដិ សមស្របតាមមុខតំណែង ច្បាប់លក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទនិងជំរុញការគ្រប់គ្រងអចលនទ្រព្យរបស់រដ្ឋនៅតាមបណ្ដាកងឯកភាពឲ្យបានល្អ។

ពិធីប្រកាសមុខតំណែង នាយសេនាធិការកងទ័ពជើងគោក បានបញ្ចប់បន្ទាប់ពីឧត្ដមសេនីយ៍ឯក ខឹមជា សាឃឿន បានធ្វើសេចក្ដីប្តេជ្ញាចិត្ត និងគណៈអធិបតីប្រគល់បាច់ផ្កា វត្ថុអនុស្សាវរីយ៍ ជូនដល់អតីតនាយទាហានជាន់ខ្ពស់ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក ហើយដែលត្រូវបានដំឡើង តួនាទីជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here