ដកបញ្ឈរជើងនគរបាលចរាចរណ៍៤នាក់ ក្រោយប្រើអំពើហិង្សាលើអ្នកបើកបរល្មើសច្បាប់

0
9

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានសម្រេចដកបញ្ឈរជើង នគរបាលចរាចរណ៍ចំនួន៤នាក់ ដែលបានប្រើអំពើហិង្សា លើអ្នកបើកបររថយន្តល្មើសច្បាប់ ។ អំពើហិង្សា រវាងមន្ត្រីនគរបាលចរាចរណ៍ និង      អ្នកបើកបររថយន្តល្មើសច្បាប់ នេះ កើតឡើងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិត្របែក ឃុំស្វាយជ្រុំ        ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្លែងតាមរយៈសេចក្ដីបំភ្លឺមួយថា នគរបាលចរាចរណ៍ បានដាក់គោលដៅត្រួតពិនិត្យល្បឿន លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១១៦-១១៧ បានពិនិត្យឃើញរថយន្តម៉ាក ស៊ីណា ពាក់ផ្លាកលេខភ្នំពេញ 2BI-6754 បើកបរដោយឈ្មោះ លាស់ ពុធធា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរអ្នកបើកឡានតាក់ស៊ី ដោយប្រើប្រាស់ល្បឿន ៩៦គីឡូម៉ែត្រក្នុង១ម៉ោង។

សេចក្តីបំភ្លឺព័ត៌មាន បានបញ្ជាក់ថា សមត្ថកិច្ចបានឃាត់រថយន្តនេះ ប៉ុន្តែអ្នកបើកបរបានបើករត់គេចចូលតាមផ្លូវលំ ទើបសមត្ថកិច្ចដេញតាម រួចអញ្ជើញអ្នកបើកបរអោយមកប៉ុស្តិ៍រដ្ឋបាល តែអ្នកបើកបរមិនព្រមមកតាមសមត្ថកិច្ច ទេ រហូតមានការប៉ះទង្គិចជាអំពើហិង្សាតែម្តង។ក្រោយមកអ្នកបើកបរបានយល់ព្រមទទួលការផាកពិន័យតាមច្បាប់ ។ ចំណែកសមត្ថកិច្ច បានសុំទោស និង សម្របសម្រួលគ្នា ជាមួយអ្នកបើកបររួចហើយ។

ដោយឡែកមន្រ្តីនគរបាលចរាចរណ៍ទាំង៤នាក់ ត្រូវបាន លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀងបញ្ជាឲ្យដកមកបញ្ឈរជើងនៅការិយាល័យបុគ្គលិកនៃស្នងការនគរបាលខេត្តដើម្បីដាក់វិន័យ តាមវិន័យរបស់កងកម្លាំងនគរបាលជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here