សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភម៉ាស់ ២លាន ដល់មីយ៉ាន់ម៉ា

0
19

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៤ វិច្ឆិកានេះ បានសម្រេចផ្ដល់អំណោយជាម៉ាស់ចំនួន ២លានម៉ាស់ និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀត ដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ដើម្បីជាការរួមចំណែកក្នុងការ ទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ ។

យោងតាមលិខិតផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោកស្រី អោង សានស៊ូជី នៅថ្ងៃទី២៤ វិច្ឆិកានេះ បានឲ្យដឹងថា សម្តេចតេជោ ក៏បានចាត់តាំងឲ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នាំយកអំណោយម៉ាស និងសម្ភារវេជ្ជសាស្ត្រទាំងនេះ ទៅប្រគល់ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា តាមរយៈយន្តហោះពិសេស នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។

ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមនេះ សម្ដេចតេជោ មានជំនឿយ៉ាងមុតមាំថា យើងនឹងទទួលបាននូវជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ហើយយើងនឹងងើបឡើងវិញ យ៉ាងរឹងមាំជាមួយគ្នា ។

ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ជាថ្មីម្តងទៀត បានចូលរួមអបអរសាទរ ដ៏ស្មោះស្ម័គ្រចំពោះលោកស្រី អោង សានស៊ូជី ចំពោះជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី របស់គណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ ក្នុងការបោះឆ្នោងសកលនៅមីយ៉ាន់ម៉ា នាពេលថ្មីៗនេះ។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៦ វិច្ឆិកាកន្លងទៅ បានផ្តល់នូវអំណោយម៉ាសចំនួន ២លាន១សែន និងបរិក្ខារពេទ្យ សរុបចំនួន១២មុខ ជូនរដ្ឋាភិបាល និងប្រជាជនឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here