រកឃើញពពុះសណ្ដែក មានលាយសារធាតុគីមីនិងភេសជ្ជៈ ខូចគុណភាពមួយចំនួនធំ ក្នុងផ្សារស្វាយជ្រំ

0
9

ភ្នំពេញ៖ មន្ត្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង(ក ប ប)នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០បានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និង អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារនិងទំនិញវេចខ្ចប់ស្រាប់នៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារស្វាយជ្រំ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង។

លោកផឹង និលប្រធានសាខា(ក ប ប)ខេត្តស្វាយរៀងបានឲ្យដឹងថាសកម្មភាពការងារ ត្រួតពិនិត្យរបស់មន្ត្រីជំនាញបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអាហារ ចំនួន ២៦ គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

លោកបានបញ្ជាក់ថាជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញមានសារធាតុគីមីនិងទំនិញខូច គុណភាពហួសកាលបរិច្ឆេទប្រើប្រាស់ដូចជា ពពុះសណ្តែក ចំនួន ១០ Kg មានសារធាតុ ( Borax )ទឹកភេសជ្ជៈ បាកាស ចំនួន ៤ កេស ( ក្លែងក្លាយ និង ហួសកាលបរិច្ឆេទប្រើប្រាស់ )ទឹកក្រូចដបចំណុះ១,៥លីត្រ៦យួរ ស្មើ៣៦ ដបនិងនំធុង ចំនួន ២ធុង ទឹកត្រចៀកកាំ ចំនួន ២ កេស ទឹកដោះគោឆៅ ម៉ាក អេរ៉ាហ្គោល ចំនួន ១៦ យួរក្នុងនោះមន្ត្រីជំនាញយើងបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ ។

លោកបានបញ្ជាក់ថា មុខទំនិញដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់និងមានសារធាតុគីមីនោះ បើយកទៅបរិភោគអាចនឹងធ្វើឱ្យរាគរួស ក្អួតចង្អោរ ខូចក្រលៀន ក្រពះ និងឧស្សាហ៍ វិលមុខ បណ្ដាលឲ្យចុះអន់ថយនូវកម្លាំង និងបង្កឲ្យសុខភាពចុះខ្សោយអាចនឹងមានបញ្ហាដល់អាយុជីវិតទៀតផង។

លោក ផឹង និល បានផ្សព្វផ្សាយនិងអំពាវនាវដល់បងប្អូនអាជីវករ ប្រជាពលរដ្ឋមុននឹងទិញរបស់អ្វីមួយទៅបរិភោគនិងលក់លើទីផ្សារសូមពិនិត្យទៅលើកាលបរិច្ឆេទ ប្រើប្រាស់ឲ្យបានច្បាស់លាស់ដើម្បីធានាបានសុខុមាលភាពល្អទាំងអ្នកលក់និងអ្នកទិញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here