ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៤ ខែវិចិ្ឆកា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមវេទិកាអាស៊ានចិន លើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល តាមរយ:ប្រព័ន្ធវីដេអូសន្និសីទ។ក្នុងវេទិកានេះ លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានលើកយកពីភាពជោគជ័យ លើការគ្រប់គ្រងទប់ស្កាត់ និងឆ្លើយតបការរីករាលដាលជំងឺកូវីដ-១៩ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាប្រាប់វេទិកាអាស៊ានចិន លើកទី៣។ កម្ពុជា ក៏ប្រកាសគាំទ្រចិន ដែលបានឆ្លើយតបទាន់ពេលវេលា ក្នុងការឆ្លើយតបជាសកលទៅនឹងជំងឺកូវីដ-១៩ ផងដែរ។
សាធារណរដ្ឋប្រជាមានិតចិន តែងតែរៀបចំវេទិកានេះ ជាទៀងទាត់រៀងរាល់ពីរឆ្នាំម្តង នៅទីក្រុងណាននីង ខេត្តក្វាងស៊ី តែដោយស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ វេទិកាឆ្នាំនេះ ត្រូវបានរៀបចំតាមរយ:ប្រព័ន្ធវីដេអូសន្និសីទ ដែលមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាល ប្រទេសសមាជិកអាស៊ានទាំង១០ និងរដ្ឋមន្ត្រីនៃគណ:កម្មាធិការសុខាភិបាលចិន និងប្រតិភូអម។
វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ ចំណេះដឹង ព្រមទាំងកំណត់អាទិភាពនៃកិច្ចសហប្រតិបត្តិការ រវាងអាស៊ានចិន ជាពិសេសប្រធានបទឆ្នាំ២០២០នេះ ផ្តោតលើ «ការប្រយុទ្ធនឹងជំងឺកូវីដ-១៩»។
ក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកជាផ្លូវការនៃវេទិកា អាស៊ានចិនលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល ដោយបានចែករំលែកនូវបទពិសោធន៍សំខាន់ៗបួន ចំណុចមានខ្លឹមសារដូចតទៅ៖
ទី១៖ ការប្តេជាចិត្តផ្នែកនយោបាយ និងភាពជាអ្នកដឹកនាំរបស់រាជរដ្ឋាភិបាល ដែលត្រូវបានទទួលស្គាល់ថា ជាប្រទេសតូចតែមានបេះដូងទូលាយ៖ ការគ្រប់គ្រងព្រឹត្តិការណ៍ទទួលឱ្យនាវាទេសចរណ៍ វ៉ែស្ទ័រដាម (Westerdam Cruise Ship) ចូលចតនៅព្រះរាជាណាចក្រកម្ពុជា នាខែកុម្ភ: ឆ្នាំ២០២០ បានជោគជ័យ ជាភ័ស្តុតាងយ៉ាងច្បាស់បានបង្ហាញពីសកម្មភាពមនុស្សធម៌ និងការគោរពសិទ្ធិមនុស្ស ព្រមទាំងការសាមគ្គីភាពអន្តរជាតិរបស់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលត្រូវបានគេទទួលស្គាល់ជាសកល ជាពិសេសអង្គការ សុខភាពពិភពលោក។
ថ្មីៗនេះ ភាពលេចធ្លោនៃស្នាដៃគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីត-១៩ នៅកម្ពុជាត្រូវបានកត់សម្គាល់ ដោយការិយាល័យចក្ខុវិស័យសេដ្ឋកិច្ច (Bureau de Prospective Economique) តាមរយ:ការវាស់វែង និងប្រៀបធៀបនូវសន្ទស្សន៍ នៃការគ្រប់គ្រងស្ថានភាពរាលដាលជំងឺកូវីដ-១៩ ក្នុងចំណោមប្រទេសចំនួន១៦៦ នៅលើពិភពលោក ព្រះរាជាណាចក្រកម្ពុជា បានទទួលបានចំណាត់ថ្នាក់លេខ៣។ ដោយប្រើសន្ទស្សន៍ដដែល បើប្រៀបធៀបតែក្នុងទ្វីបអាស៊ី ព្រះរាជាណាចក្រកម្ពុជា បានទទួលចំណាត់ថ្នាក់លេខ១ ក្នុងការគ្រប់គ្រងស្ថានភាពនៃការរាលដាលនៃជំងឺកូវីដ-១៩។
កម្ពុជា គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសអាស៊ាន ដែលគ្រប់គ្រងទប់ស្កាត់ និងឆ្លើយតបការរីករាលដាលជំងឺកូវីដ-១៩ បានជោគជ័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំផ្ទាល់គណ:កម្មាការជាតិ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងមានគណ:កម្មការអន្តរក្រសួង ព្រមទាំងគណ:កម្មការថ្នាក់ក្រោមជាតិ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាសេនាធិការ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការឆ្លើយតប ដឹកនាំ និងសម្របសម្រួលអនុវត្តវិធានការនានា នៅទូទាំងរាជរដ្ឋាភិបាល និងសង្គមទាំងមូល ដូចជាការពិនិត្យសុខភាពអ្នកឆ្លងកាត់ព្រំដែន ការធ្វើចត្តាឡីស័កបានត្រឹមត្រូវ ការតាមដានអ្នកដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល អន្តរាគមន៍មិនមែនឱសថ កាត់បន្ថយហានិភ័យសុខភាពសាធារណ: គាំទ្រវិធានការអប់រំសុខភាពដល់សហគមន៍ កាត់បន្ថយផលប៉ះពាល់ដល់សង្គម និងសេដ្ឋកិច្ច ក៏ដូចជាគាំទ្រដល់ការបន្តសកម្មភាពសេដ្ឋកិច្ច។
ទី២៖ ការវិនិយោគកន្លងមកក្នុងការត្រៀមបម្រុង និងលទ្ធផលប្រព័ន្ធសន្តិសុខសុខភាព។ ក្រុមឆ្លើយតបរហ័សរបស់ប្រទេសកម្ពុជា ត្រូវបានបង្កើតឡើង។ ការបណ្តុះបណ្តាលដល់មន្ត្រីសុខាភិបាល ផ្នែកការគ្រប់គ្រង ការថែទាំ និងបង្ការការឆ្លង ដែលបានក្លាយជាកម្លាំងពលកម្មសុខភាពសាធារណ: ស្នូលសម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ របស់ប្រទេសកម្ពុជា។ កម្ពុជាបានបង្កើត និងអនុវត្តនូវផែនការឆ្លើយតបជំងឺកូវីដ-១៩ ស្របតាមការណែនាំរបស់អង្គការសុខភាពពិភពលោក ដែលមាន វិស័យអាទិភាព ចំនួន៩ រួមមាន៖ (១) ការរៀបចំផែនការ និងការគ្រប់គ្រងហេតុការចំពោះមុខ (២) ការតាមដាន និងការវាយតម្លៃហានិភ័យ (៣) ការរៀបចំមន្ទីរពិសោធន៍ (៤) សេវាថែទាំសុខភាព និងការគ្រប់គ្រងការព្យាបាល (៥) ការបង្ការ និងត្រួតពិនិត្យការចម្លងរោគ (៦) វិធានការសុខភាព សាធារណ:មិនពាក់ព័ន្ធនឹងឱសថ (៧) ទំនាក់ទំនងហានិភ័យ (៨) ការគ្រប់គ្រងច្រកចេញចូលនៅ ព្រំដែន និង (៩) ការគ្រប់គ្រងភស្តុភាបានល្អ។
ទី៣៖ ការចូលរួមរបស់សហគមន៍ គឺមានសារ:សំខាន់ណាស់។ ក្នុងពេលមានការរាតត្បាតជាសកលនេះ ប្រទេសកម្ពុជាបានកៀរគរធនធាន សង្គមទាំងមូល ទាំងផ្នែកសាធារណ: និងឯកជន។
ទី៤៖ សាមគ្គីភាពជាតិ និងកិច្ចសហការអន្តរជាតិបានល្អ។
ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់ សុខភាពជាសាកល និងជួយដល់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះ ប្រទេសកម្ពុជាកំពុងអនុវត្តមូលនិធិសមធម៌ សម្រាប់ប្រជាជនក្រីក្រ មូលនិធិគាំពារសុខភាពសង្គម សម្រាប់កម្មករ មន្ត្រីរាជការ និវត្តន៍ជន។ បន្ថែមពីលើយន្តការទាំងពីរនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ឱ្យអនុវត្តនូវការបញ្ជូនសាច់ប្រាក់ ដោយផ្ទាល់ដល់ស្រ្តីមានផ្ទៃពោះ និងដល់ប្រជាជនក្រីក្រ និងប្រជាជនងាយរងគ្រោះ ក្នុងអំឡុងពេលនៃការរីករាលដានជំងឺកូវីដ-១៩។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលក៏បានបញ្ជាក់ថា ប្រទេសកម្ពុជាគាំទ្រយ៉ាងពេញទំហឹង ចំពោះភាពជាអ្នកដឹកនាំ គ្រប់គ្រង ទប់ស្កាត់ និងឆ្លើយតបបានទាន់ពេលវេលា របស់គណ:កម្មាធិការសុខាភិបាលសាធារណរដ្ឋប្រជាមានិតចិន និងការសម្របសម្រួល របស់អង្គការសុខភាពពិភពលោក ក្នុងការឆ្លើយតបជាសកលទៅនឹងជំងឺកូវីដ-១៩ ក៏ដូចជាការចូលរួមរបស់ប្រទេស សមាជិកអាស៊ានទាំងអស់ ដែលបានសហការចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩៕



