ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវការថវិកាជាង៩០លានដុល្លារ សម្រាប់ស្ដារ និងជួសជុលផ្លូវជនបទ ដែលខូចខាតដោយទឹកជំនន់

0
11

ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវការថវិកាប្រមាណជាង៩១លានដុល្លារអាមេរិកសម្រាប់ស្ដារ និងជួសជុលផ្លូវជនបទដែលរងការខូចខាតដោយសារទឹកជំនន់ខណៈរហូតមកដល់ពេលនេះផ្លូវដែលរងផលប៉ះពាល់មានចំនួន ៦៧០ខ្សែ ស្មើនឹងប្រវែង ៥,៣៨៩.៥៩គីឡូម៉ែត្រ ក្នុងនោះ ផ្លូវរងការខូចខាតប្រវែង៣១,៥៤.៤២គីឡូម៉ែត្រ និងសំណង់សិល្បការ្យសរុប ចំនួន២២៩កន្លែង។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «យុទ្ធសាស្ដ្រកែលម្អការខូចខាត ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ» នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០លោក ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ក្នុងចំណោមរាជធានី-ខេត្ត ទាំង២៥នេះ ក្រសួងរកឃើញថា មានខេត្តចំនួន៩ ដែលរងផលប៉ះពាល់ធ្ងន់ជាងគេ ក្នុងនោះ បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង កំពងស្ពឺ សៀមរាប ប៉ៃលិន កណ្ដាល កំពង់ឆ្នាំង ឧត្តរមានជ័យ។ ប៉ុន្ដែក្នុង៩ខេត្តនោះ ក្រសួងជ្រើសរើសអាទិភាព ចំនួន៣ខេត្ត ដែលត្រូវជួសជុលជាចាំបាច់មុនគេបំផុត គឺខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តបាត់ដំបង។ខេត្តទាំង៣ដែលជាខេត្តអាទិភាព ត្រូវស្ដារឡើងវិញមុនគេនេះ ត្រូវចំណាយថវិកាប្រមាណ១៦លានដុល្លារ ក្នុងនោះ ខេត្តបន្ទាយមានជ័យ ចំណាយ៤.៦លានដុល្លារ, ពោធិ៍សាត់ ចំណាយ៤.៦លានដុល្លារ និងបាត់ដំបង ៣.៣លានដុល្លារ។ ហើយនៅពេលនេះ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានទម្លាក់កញ្ចប់ថវិកាចំនួន១៥លានដុល្លារហើយ ដើម្បីក្រសួងអភិវឌ្ឍន៍ជនបទ ដោះស្រាយលើបញ្ហានេះ។

ជាមួយគ្នានោះអ្នកនាំពាក្យ បានលើកឡើងបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកជនបទ ដែលទទួលរងនូវផលប៉ះពាល់ គឺអណ្ដូងទឹក។ ចំពោះអណ្តូងដែលទទួលរងការខូតខាតមានចំនួនសរុប ៤,១៥៥អណ្តូង។ចំពោះការចំណាយក្នុងការជួសជុលនិងស្ដារអណ្ដូងទឹកដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ទាំងអស់នេះមានចំនួនទឹកប្រាក់សរុបប្រមាណជាង៩០ម៉ឺនដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here