វិបត្តិកូវីដ-១៩ មិនបានរារាំងកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនឡើយ

0
14

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា វិបត្តិកូវីដ-១៩ មិនបានរារាំងកម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនឡើយ។

ការលើកឡើងបែបនេះ ធ្វើឡើងនៅក្នុងឱកាសលោក ទេសរដ្ឋមន្រ្តី អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ដឹកជញ្ជូនអាស៊ានលើកទី២៦ ព្រមទាំងដៃគូសន្ទនាផ្សេងៗ (26 ATM and ATM+DPs) តាមរយៈវីដេអូពីចម្ងាយ ដែលដឹកនាំកិច្ចប្រជុំដោយរដ្ឋមន្ត្រីដឹកជញ្ជូន ប្រទេសព្រុយណេ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង។

ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា៖ ប្រទេសកម្ពុជា បានសហការជាប្រព័ន្ធ និងតាមឋានុក្រមទាំងរដ្ឋបាលសាធារណៈនិងឯកជន រិះរកគ្រប់នីតិវិធី យន្តការ យុទ្ធសាស្ត្រ និងវិធានការ ដើម្បីការពារ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃមេរោគកូវីដ-១៩ តាមការណែនាំរបស់ អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលកម្ពុជា។

លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ ជាលទ្ធផល កម្ពុជាគ្មានការឆ្លងរីករាលដាលក្នុងសហគមន៍ និងគ្មានប្រជាពលរដ្ឋណាម្នាក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩ ឡើយ ហើយក៏មិនបានដាក់ប្រទេស ឬតំបន់ណាមួយ ក្នុងភាពមានអាសន្នផងដែរ។ ទោះជាយ៉ាងណាក្ដី កម្ពុជានៅតែប្រកាន់ខ្ជាប់ នូវវិធានការការពារ ទប់ស្កាត់របស់ ក្រសួងសុខាភិបាលកម្ពុជា ក៏ដូចជាវិធានការការពារ ទប់ស្កាត់ របស់អង្គការសុខភាពពិភពលោក យ៉ាងម៉ឺងម៉ាត់បំផុត។

លោករដ្ឋមន្ត្រីបានលើកឡើងថា៖ វិបត្តិកូវីដ-១៩ មិនបានរារាំងកម្ពុជា ពីការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឡើយ។ ជាក់ស្ដែង ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ព្រមទាំង ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងស្ពានដ៏ទៃទៀតនៅតែបន្តការសាងសង់ជាប្រក្រតី ប៉ុន្តែទាំងកម្មករ និងវិស្វករ ត្រូវអនុវត្តតាមវិធានការការពារឱ្យបានខ្ជាប់ខ្ជួន។

ជាមួយគ្នានោះផងដែរ លោកស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា៖ កម្ពុជាបានសហការជាមួយប្រទេសជិតខាងដូចជា៖ ប្រទេសថៃ វៀតណាម និងឡាវ បន្តដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន រវាងគ្នាជាធម្មតា តាមរយៈការអនុវត្តវិធានការ និងយន្តការនានា ដែលបានកំណត់ ដើម្បីចៀសផុតពីវិបត្តិ សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិដែលបង្កឡើង ដោយមេរោគកូវីដ-១៩ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here