នាយករដ្ឋមន្រ្តីនឹងអញ្ជើញចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅថ្ងៃទី៧ ធ្នូ ខាងមុខនេះ

0
8

ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញ ជាអធិបតីភាពក្នុងពិធី ចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ។នេះបើយោងតាមក្រសួងសាធារណការនិងដឹកជញ្ជួន។

ការឲ្យដឹងបែបនេះ នៅក្នុងឱកាសលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ដោយមានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធក្រោមឱវាទក្រសួង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ។
កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យមើលវឌ្ឍនភាព នៃការងារត្រៀមរៀបចំពិធីរបស់គណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ដើម្បីស្វែងរកដំណោះស្រាយចំពោះសំណូមពរ ក៏ដូចជាបញ្ហាមួយចំនួនដែលគណៈកម្មការ និងអនុគណៈកម្មការនីមួយៗ បានជួបប្រទះអំឡុងពេលអនុវត្តការងារ។

ថ្លែងទៅអង្គប្រជុំនាឱកាសនោះ លោករដ្ឋលេខាធិការ បានណែនាំឱ្យសមាជិកសមាជិកាគណៈកម្មការ និងអនុគណៈកម្មការទទួលបន្ទុក ត្រៀមរៀបចំពិធីនេះបំពេញភារកិច្ចរបស់ខ្លួន ឱ្យបានត្រឹមត្រូវតាមការចាត់តាំង និងសហការឱ្យបាន ជិតស្និទ្ធជាមួយភាគី ពាក់ព័ន្ធទាំងអស់ សំដៅធ្វើយ៉ាងណាឱ្យការរៀបចំ ពិធីចាក់បេតុងតភ្ជាប់មុខតំណ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ប្រព្រឹត្តទៅដោយរលូន តាមផែនការដែលបានគ្រោងទុក។

ស្ពាននេះស្ថិតនៅត្រង់ចំណុច ភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គទៅត្រើយខាងកើតស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាស្ពាន ឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ ត្រូវបានបើកការដ្ឋាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

គម្រោងសាងសង់ស្ពាននេះ មានប្រវែងសរុប ១.១៣១ម៉ែត្រ និងទទឹង១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងអាម៉េ ប្រើរយៈពេលសាងសង់ចំនួន ៤២ខែ គិតត្រឹមថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ស្ពាននេះសម្រេចបាន៩៦,៤% និងគ្រោងបញ្ចប់នៅដើមឆ្នាំ២០២១ខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here