ខេត្ដបាត់ដំបង៖ ប្រជាកសិករក្នុងខេត្ដបាត់ដំបងសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍ដោះស្រាយបញ្ហាតម្លៃស្រូវ ខណៈស្រូវដែលនៅសេសសល់ពីការជន់លិច ប្រមូលផលបានតិចតួចមិនរួចថ្លៃដើម ហើយថែមទាំងតម្លៃចុះថោកជាបន្តបន្ទាប់។
ពលរដ្ឋម្នាក់រស់នៅភូមិសំរោង ឃុំស្នឹង ស្រុកបាណន់ ខេត្ដបាត់ដំបង បានថ្លែងឲ្យដឹងថា ក្នុងតំបន់ពួកគាត់ ធ្វើស្រូវប្រភេទផ្ការំដួល ផ្កាម្លិះ សែនក្រអូប និងស្រូវប្រភេទលេខ១។ មួយចំនួនទៀត ធ្វើតាមបច្ចេកទេសកសិកម្ម រាល់ឆ្នាំជាមធ្យមក្នុងមួយហិកតាទទួលផលបានជាង ៣តោន និងតម្លៃលក់បានក្នុង១តោន អាចនឹងបានជាង ១ ១៥០ ០០០រៀល។
ពលរដ្ឋដដែលបានបន្តថា៖«នៅក្នុងឆ្នាំនេះ បានជួបបញ្ហាគ្រោះធម្មជាតិធំៗចំនួនពីរ គឺនៅដើមរដូវបានជួបបញ្ហាគ្រោះរាំងស្ងួត និងនៅចុងខែវស្សានេះ បានជួបបញ្ហាគ្រោះទឹកជំនន់ ធ្វើឲ្យលិចលង់ស្រូវអស់ជាច្រើនហិកតា ហើយសម្រាប់ស្រូវដែលនៅសេសសល់ មានសភាពទន់ដើម បន្ទាប់ពីមានខ្យល់បក់មកខ្លាំង ធ្វើឲ្យដេកដួលទ្រាលពេញស្រែលិចកប់ទឹក ហើយស្រូវបានបាត់បង់នូវទិន្នផលលើសជាងពាក់កណ្ដាល»។
កសិករម្នាក់ដែលរស់នៅក្នុងឃុំស្នឹង ស្រុកបាណន់ ខេត្ដបាត់ដំបងក៏បានប្រាប់ឲ្យដឹងដែរថា ស្រូវប្រភេទលេខ១ កាលពីប្រមូលដើមដៃអាចលក់បានជាង ១១០០ ០០០លានរៀល និងបច្ចុប្បន្នធ្លាក់មកជាង ១០០០ ០០០រៀល ។
កសិករបានបន្តទៀតថា៖«បញ្ហាតំលៃស្រូវធ្លាក់ចុះជាបន្តបន្ទាប់នេះ បានធ្វើឲ្យកសិករមានការព្រួយបារម្ភ ព្រោះស្រូវសល់ពីការលិចលង់បន្តិចបន្តួច ប្រមូលផលមកលក់បានថោកមិនអាចទប់ទល់ នឹងការចំណាយផ្សេងៗឡើយ»។
ពលរដ្ឋរស់នៅក្នុងខេត្ដបាត់ដំបងដែលបានជួបបញ្ហា សូមសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធខេត្ត ជួយធ្វើកិច្ចអន្តរាគមន៍ជួយទប់ស្កាត់ឈ្មួញ កុំឲ្យមានការទម្លាក់តម្លៃបន្តទៀត ។ ម្យ៉ាងវិញទៀតពលរដ្ឋសំណូមពរដល់រាជរដ្ឋាភិបាល ជួយរៀបចំប្រព័ន្ធធារាសាស្រ្ដដើម្បីស្តុកទឹក សម្រាប់ស្រោចស្រព ដំណាំដែលស្ដារឡើងវិញក្រោយ ជួបគ្រោះធម្មជាតិទឹកជំនន់កាលពេលកន្លងមក។
បច្ចុប្បន្នចំពោះបញ្ហាតម្លៃស្រូវវស្សានេះ នៅតាមតំបន់ខ្លះ ក៏មានការធ្លាក់ថ្លៃក្រោម ១លានរៀលក្នុង១តោនផងដែរ ដូចជានៅក្នុងឃុំក្ដុលតាហែន ស្រុកបវេលជាដើម ខណៈនៅតំបន់នេះកំពុងខ្វះខាតគ្រឿងចក្រសម្រាប់ច្រូតកាត់ទៀតផង ។
ទាក់ទិនបញ្ហានេះក្រុមឈ្មួញទិញស្រូវ បានលើកឡើងថា ការដែលស្រូវចុះថ្លៃជាបន្តបន្ទាប់នេះ ដោយសារឃ្លាំងស្រូវតាមរោងម៉ាស៊ីនមួយចំនួនពេញ ហើយស្រូវខ្លះបានលិចកប់ទឹក ធ្វើឲ្យបាត់គុណភាព។
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកន្លងមក ស្តីពីវឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តបាត់ដំបង ថា កាលពីឆ្នាំ២០១៩ ផ្ទៃដី អនុវត្តការដាំដុះស្រូវក្នុងខេត្តបាត់ដំបង សរុបមានចំនួនជាង ៣៨ ម៉ឺនហិកតា ទទួលបានទិន្នផល សរុបចំនួនជាង ១លានតោន ស្មើនឹងជាង៣តោនក្នុង១ហិកតា។
លោកបន្ថែមថា ខេត្តបាត់ដំបងបាន បង្កបង្កើនផលស្រូវរដូវវស្សា សម្រេចបានចំនួន១៨ ៣៨៩ ហិកតា ស្មើនឹង ៥.៦៩% នៃផែនការដាំដុះស្រូវរដូវវស្សាឆ្នាំ២០២០ចំនួន៣២៣ ២០០ ហិកតា៕