ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមលក្ខណៈរួចរាល់ដើម្បី ផ្ដល់ជំនួយម៉ាស និងបរិក្ខាពេទ្យមួយចំនួន ជូនប្រទេសទីម័រខាងកើត។
ក្នុងពីធីជួបសំណេះសំណាល ជាមួយសមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ប្រមាណ ១៥៣នាក់ នៅព្រឹកថ្ងៃទី២៥ វិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា ដែលកាលពីថ្ងៃទី២៣ វិច្ឆិកា កន្លងទៅនេះយើងបានបញ្ចប់ រួចរាល់ហើយតាមបណ្តាខេត្តមួយចំនួននោះ។
សម្តេចតេជោ ក៏បានអរគុណចំពោះការ ចូលរួមរបស់អ្នកពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកាទាំងអស់ ដែលបានចូលរួមធ្វើចាត្ថាឡីស័កគ្រប់ៗគ្នា ហើយសម្តេចតេជោ ក៏បន្តអំពាវនាវឱ្យគោរព វិធានការការពារជំងឺកូវីដ១៩ និងត្រូវរស់តាមគន្លងកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចមិនខ្វល់ការរិះគន់សម្តេចផ្តល់ជំនួយម៉ាស់ និងបរិក្ខារពេទ្យទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ។ សម្តេចថា នេះជាការចូលរួមជួយដល់មនុស្សជាតិ និងប្រទេសជាមិត្ត។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ខ្ញុំក៏ត្រៀមលក្ខណៈផ្តល់ជំនួយម៉ាស់ និងបរិក្ខារពេទ្យមួយចំនួនទៅ កាន់ប្រទេសទីម័រខាងកើតផងដែរ។ កម្ពុជាមិនមែនធ្វើមនុស្សធម៌ត្រឹមម៉ាស់ និងបរិក្ខារពេទ្យនោះទេ តែកម្ពុជាបានធ្វើសកម្មភាពមនុស្សធម៌ទាំងសាច់ និងឈាម តាមរយៈបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិទៀតផង។ កម្ពុជាប្រទេសក្រ តូចល្អិត តែមានបេះដូងមនុស្សធម៌ធំ មិនតូចនោះឡើយ»។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ឆ្នាំនេះយើងឆ្លងកាត់ការលំបាកជាច្រើន ទាំងកូវីដ១៩ ទាំងទឹកជំនន់ និងព្រឹត្តិការណ៍៣វិច្ឆិកា ដែលធ្វើអោយសេដ្ឋកិច្ចយើងជួបនូវភាពអវិជ្ជមាន តែទំហំនៃការនាំចេញ របស់យើងគឺមានការកើនឡើង ១៨%។ សម្តេចថា ទោះជាយ៉ាងណាក៏ដោយ យើងត្រូវខិតខំបន្ថែមទៀត ដើម្បីសេដ្ឋកិច្ច និងភាពរីកចម្រើនរបស់ប្រទេសយើងនាពេលខាងមុខ៕