អភិបាលខេត្តព្រះសីហនុប្រកាស មិនអនុញ្ញាតឱ្យជនណា យកផ្លូវសាធារណៈធ្វេីជាប្រយោជន៍បុគ្គលឡើយ

0
10

ភ្នំពេញ៖ ដោយសង្កេតឃើញថា មានប្រជាពលរដ្ឋមួយចំនួន រំលោភលើដីចំណីផ្លូវសាធារណៈ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថាមិនអនុញ្ញាតិ ឱ្យជនណាយកផ្លូវលេខ២០០ ធ្វើជាប្រយោជន៍បុគ្គល នោះឡើយ។នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍លោក អ៊ី សុខឡេង អភិបាលក្រុងព្រះ សីហនុ បានឱ្យដឹងថា ផ្លូវលេខ២០០ មានទីតាំងស្ថិនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានប្រជាពលរដ្ឋធ្វើការសាងសាង់សំណង់ រំលោភលើដីចំណី ផ្លូវមានចំនួន ១២៨ខ្នងផ្ទះ ស្នើនឹង ១៥៣គ្រួសារ ក្នុងនោះប្រជាពលរដ្ឋរស់នៅ អចិន្ត្រៃយ៍ចំនួន២៥គ្រួសារ ផ្ទះជួល៣៥គ្រួសារ ផ្ទះបិទទ្វារចោល ៥៩ខ្នងផ្ទះ ផ្ទះលក់ឱ្យជនបរទេសចំនួន០៣ខ្នង ដីទំនេរចំនួន០២ ឡូតិ៍ សំណង់គ្រោងដែក ០២ និងសំណង់បេតុង ០២ ។

ថ្លែងនៅក្នុងកិច្ចប្រជុំ ដោះស្រាយរៀបចំផ្លូវលេខ២០០ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោកគួច ចំរើន បានមានប្រសាសន៍ថា តាមរបាយការណ៍ របស់អាជ្ញាធរក្រុង គឺប្រជាពលរដ្ឋចំនួន១៥៣គ្រួសារ បានសាងសង់ផ្ទះលើដី ចំណីផ្លូវលេខ២០០ ដែលជាដីសាធារណ:របស់រដ្ឋ យកធ្វើជាកម្មសិទ្ធិ និងយកទៅជួលបន្តឱ្យ តតីយជន ក្នុងនោះមានជនបរទេសជាដើម ដោយបើកអាជីវកម្មផ្សេងៗ ក្នុងនោះឃើញអាជីវកម្មមួយចំនួន មានដូចជាកោសជប់ ម៉ាស្សា និងការលួចបើកបម្រើ សេវាកម្មផ្លូវភេទជាដើម ដែលទង្វើនេះ វាផ្ទុយនឹងច្បាប់របស់រដ្ឋ និងប៉ះពាល់ផលប្រយោជន៍សាធារណ: និងការប្រើប្រាស់របស់ប្រជាពលរដ្ឋ។ យោងតាមមាត្រា២៥៩ នៃច្បាប់ភូមិបាល ការប៉ះពាល់កម្មសិទ្ធិ នៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ពី ៥.០០០.០០០រៀល(ប្រាំលាន) ដល់៥០.០០០.០០០រៀល(ហាសិបលាន) ឬ/និងផ្ដន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ដល់៥(ប្រាំ)ឆ្នាំ ។

លោកអភិបាលបញ្ជាក់ថា «រដ្ឋបាលខេត្តមិនអនុញ្ញាតិ ឱ្យជនណាយកផ្លូវនេះ ធ្វើជាប្រយោជន៍បុគ្គល នោះឡើយ ហើយនៅក្នុងផែនការ ផ្លូវលេខ២០០នេះ រដ្ឋបាលខេត្តនឹងរៀបចំពង្រីក និងកែលម្អសោភ័ណភាព ទុកជាផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ នៅក្នុងក្រុងព្រះសីហនុ ទាំងមូល»។

លោក គួច ចំរើន បានបញ្ជាក់ថា បន្ថែមថាផ្លូវលេខ២០០នេះ ជាចំណុចកណ្តាល របស់ក្រុងព្រះសីហនុ ដែលចេញពីរង្វង់មូលតោពីរ មានផ្លូវ ៦ខ្សែ ហើយយើងបានធ្វើការអភិវឌ្ឍបានចំនួន ៥ខ្សែហើយ។ ចំពោះមុខ រដ្ឋបាលខេត្ត នឹងស្ថាបនាផ្លូវ២០០ ដោយពង្រីកទៅតាមទំហំ នៅក្នុងប្លង់ជាលក្ខណៈប្រព័ន្ធ ដើម្បីកែលម្អសោភ័ណភាពផ្លូវនេះ ដោយសារវាស្ថិតនៅជាប់នឹងរបង មន្ទីរពេទ្យបង្អែក ក្រុងព្រះសីហនុ ដែលអាចសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូន អ្នកជំងឺបានលឿនឆាប់រហ័ស ករណីមានការសង្រ្គោះបន្ទាន់ផងដែរ។

លោកបន្តថា ថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតិឱ្យសាងសង់ មន្ទីរពិសោធន៍វិជ្ជសាស្ត្រ នៅក្នុងមន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុ នេះ ដើម្បីធ្វើការវិភាគរកវីរុសកូវីដ-១៩ ឬវិភាគជំងឺឆ្លងផ្សេងទៀត ហើយអាចគ្រោងនឹងបើកឱ្យដំណើរការ នៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១ខាងមុខ។ ទន្ទឹមនោះយើងក៍ត្រូវធ្វើការអភិវឌ្ឍ មន្ទីរពេទ្យ របស់យើងឱ្យបានធំទូលាយ ទំនើប មានសោភ័ណភាព ដើម្បីបំរើសេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក៍ដូចជាភ្ញៀវទេសចរ កាន់តែល្អប្រសើរថែមទៀត ក្នុងបុព្វហេតុបំរើប្រយោជន៍សាធារណៈក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុរបស់យើង ។

លោក គួច ចំរើន បន្តថាការរៀបចំពង្រីក និងកែលម្អសោភ័ណភាពផ្លូវលេខ២០០ គឺក្នុងគោលបំណងធំចំនួន០៤ ដូចខាងក្រោម៖
១.លើកស្ទួយសោភ័ណភាពទីក្រុង
២.អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដើម្បីប្រយោជន៍សាធារណៈ
៣.លើកកម្ពស់ការផ្តល់សេវាសុខាភិបាល
៤.កាត់បន្ថយការយកទីតាំងសាធារណៈមកប្រព្រឹត្តអំពើអនាចារ និងដើម្បីការពារកិត្តិយស សេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ។ល៕

LEAVE A REPLY

Please enter your comment!
Please enter your name here