កម្ពុជា-វៀតណាម គ្រោងតភ្ជាប់ផ្លូវដែក ពីភ្នំពេញទៅក្រុងហូជីមិញ

0
11

ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជួន បានអោយដឹងថា កម្ពុជា-វៀតណាម បាននិងកំពុងសិក្សាគម្រោង តភ្ជាប់ផ្លូវដែក ពីភ្នំពេញទៅក្រុងហូជីមិញ យ៉ាងយកចិត្តទុកដាក់បំផុត និងខិតខំប្រឹងប្រែងពន្លឿន គម្រោងនេះឱ្យបានឆាប់ចេញ ជារូបរាងឡើងនាពេលអនាគតដ៏ខ្លីខាងមុខ។

ការអោយដឹងបែបនេះធ្វើឡើងនៅក្នុងឱកាស លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសហប្រធានជាមួយភាគីវៀតណាម បានដឹកនាំកិច្ចប្រជុំទ្វេភាគី ស្ដីពីការធ្វើឱ្យប្រសើរឡើង នូវការដឹកជញ្ជូនឆ្លងកាត់ព្រំដែន រវាងកម្ពុជា និងវៀតណាម តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយទាក់ទងនឹងការកកស្ទះ ចរាចរណ៍នៅ ច្រកទ្វារព្រំដែនសំដៅឱ្យ ធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន រវាងប្រទេសទាំងពីរ កាន់តែមានភាពប្រសើរឡើង និងទំហំពាណិជ្ជកម្ម កាន់តែកើនឡើង។

ថ្លែងនៅក្នុងកិច្ចប្រជុំ នាឱកាសនោះ លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ កម្ពុជាបាន និងកំពុងសាងសង់ ពង្រីក និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនជាប្រព័ន្ធទាំងផ្លូវគោក ផ្លូវទឹក និងកំពង់ផែ ដើម្បីតភ្ជាប់ប៉ូល ពាណិជ្ជកម្មសំខាន់ៗ របស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ច្រកទ្វារព្រំដែន តួយ៉ាងដូចជា៖ ផ្លូវជាតិលេខ១ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវជាតិលេខ៣៣ ផ្លូវក្នុងក្រុងព្រះសីហនុ និងផ្លូវក្នុងក្រុងសៀមរាបជាដើម ដើម្បីធានាខ្សែសង្វាក់ ដឹកជញ្ជូនឱ្យកាន់តែ មានប្រសិទ្ធភាព។

ជាមួយគ្នានោះផងដែរ ខាងភាគីវៀតណាម ក៏បានបង្ហាញពីគម្រោងអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន របស់ខ្លួនផងដែរ ដោយហេតុថាទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ កាន់តែមានសន្ទុះកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។

លោក ស៊ុន ចាន់ថុល បានឱ្យដឹងផងដែរថា តាមការស្នើសុំបញ្ជាក់ពី ភាគីកម្ពុជា ទាក់ទងនឹងគម្រោងតភ្ជាប់ផ្លូវដែក ពីភ្នំពេញទៅក្រុងហូជីមិញ ភាគីវៀតណាម បានឆ្លើយតបថា ខ្លួនបាននិងកំពុងសិក្សាគម្រោង នេះយ៉ាងយកចិត្តទុកដាក់បំផុត និងខិតខំប្រឹងប្រែងពន្លឿន គម្រោងនេះឱ្យបានឆាប់ចេញ ជារូបរាងឡើងនាពេលអនាគតដ៏ខ្លីខាងមុខ។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា៖ ដើម្បីដោះស្រាយបញ្ហា កកស្ទះចរាចរណ៍ ច្រកទ្វារព្រំដែនបាវិត-ម៉ុកបៃ ភាគីទាំងពីរបានឯកភាពគ្នា បង្កើតក្រុមការងារចំពោះកិច្ច និងអនុក្រុមការងារចំពោះកិច្ច ទៅតាមវិស័យ ទាំងការដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក ជាដើម ដើម្បីសហការដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត ដោយក្រុមការងារចំពោះកិច្ចរបស់ប្រទេសទាំងពីរត្រូវជួបប្រជុំពិភាក្សាជាទៀងទាត់ និងធ្វើរបាយការណ៍ប្រចាំខែ ជូននាយករដ្ឋមន្ត្រី របស់ខ្លួនរៀងៗខ្លួនផងដែរ។

លោក ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ថា៖ ការធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនសម្ព័ន្ធដឹកជញ្ជូន និងច្រកទ្វារព្រំដែន មិនត្រឹមតែបម្រើឱ្យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើឱ្យការធ្វើពាណិជ្ជកម្ម ដល់កម្ពុជា វៀតណាម និងថៃ ក៏ដូចជាអាស៊ាន ទាំងមូលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here