ទោះជួបវិបត្តិកូវីដ១៩ កូរ៉េនៅតែទទួលពលករកម្ពុជា  ខណៈបច្ចុប្បន្នពលករកម្ពុជាជិត ៥ ម៉ឺននាក់កំពុងធ្វើការនៅទីនោះ

0
4

ភ្នំពេញ៖ ទោះបីស្ថិតក្នុងដំណាក់កាលពិបាកដោយសារជំងឺកូវីដ-១៩ សាធារណរដ្ឋកូរ៉េនៅតែព្រមទទួលយកពលករកម្ពុជាឱ្យធ្វើការនៅប្រទេសខ្លួន ដោយសារនិយោជកពេញចិត្តនឹងសមត្ថភាព ភាពស្មោះត្រង់របស់ពលករកម្ពុជា ខណៈពេលបច្ចុប្បន្នពលករកម្ពុជាប្រមាណជិត៥០,០០០នាក់កំពុងបម្រើការងារលើវិស័យនានានៅប្រទេសនេះ។

ការលើកឡើងនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក Park Heung Kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ។

លោក អ៉ិត សំហេង បានលើកឡើងពីវឌ្ឍនភាពលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជា ដែលកើតចេញពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងកូរ៉េខាងត្បូង តាំងពីភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានៅឆ្នាំ១៩៩៧មក។

លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមអំពីកិច្ចសហប្រតិបត្តិការនាពេលកន្លងមករវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្នុងនោះបានជំរុញទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េក្នុងឆ្នាំ២០១៩ ឱ្យឈានដល់ជាង ១,៥០០ លានដុល្លារអាមេរិក។ ទុនវិនិយោគមកពីប្រទេសកូរ៉េនៅកម្ពុជាមានតម្លៃជាង ៥ ពាន់លានដុល្លារអាមេរិក គិតមកដល់ពេលបច្ចុប្បន្ននេះ និងបានធ្វើឲ្យកូរ៉េក្លាយជាប្រទេសទី២ ក្នុងការវិនិយោគនៅកម្ពុជា។

លោកបានបន្តថា កម្ពុជា និងកូរ៉េកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីឈានទៅចុះហត្ថលេខាដាក់ឱ្យដំណើរការជាធរមាន នាពេលឆាប់ៗនេះ។ កិច្ចព្រមព្រៀងនេះនឹងជំរុញឲ្យទំហំពាណិជ្ជកម្ម និងការវិនិយោគកាន់តែមានការកើនឡើង ហើយវិនិយោគិនកូរ៉េ ក៏នឹងមកកម្ពុជាបន្ថែម ដើម្បីស្វែងរកឱកាសវិនិយោគក្នុងវិស័យជាច្រើនទៀត។
លោករដ្ឋមន្ត្រី បានបញ្ជាក់ទៅលោកអគ្គរដ្ឋទូតថា សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនាមលោករដ្ឋមន្ត្រីជាប្រធានក្រុមការងារទំនាក់ទំនងវិជ្ជាជីវៈលោកនឹងខិតខំពិនិត្យ ដោះស្រាយ គាំទ្រឲ្យកាន់តែប្រសើរថែមទៀតទៅលើកិច្ចសម្រួលពាណិជ្ជកម្មនានាពាក់ព័ន្ធទៅនឹងអ្នកវិនិយោទុនកូរ៉េ ដែលមានបំណងចូលមកធ្វើការវិនិយោគនៅកម្ពុជា។

នៅក្នុងជំនួបនេះដែរលោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ភាគីកូរ៉េ ដែលកន្លងមកបានជួយដល់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) ដើម្បីឲ្យអង្គភាពមួយនេះមានប្រសិទ្ធភាពក្នុងការផ្តល់សេវាការងារ ជូនដល់អ្នកស្វែងរកការងារធ្វើ ក៏ដូចជានិយោជកដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម។ ចំណែកផ្នែកបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ ភាគីកូរ៉េ បានជួយបណ្តុះបណ្តាលមន្ត្រីកម្ពុជា និងបានបង្កើតនូវវិទ្យាស្ថានបណ្តុះបណ្តាលពហុបច្ចេកទេសកម្ពុជា(NPIC) ដែលជាវិទ្យាស្ថានមួយ មានបច្ចេកទេសស្តង់ដាខ្ពស់ ព្រមទាំងមានការគាំទ្រពីសាធារណជន សិស្ស និស្សិតខ្លាំងផងដែរ។ ចំពោះបេឡាជាតិសន្តិសុខសង្គម ក៏ភាគីកូរ៉េជួយទៅលើបច្ចេកទេសជាច្រើន ដល់កម្ពុជា ដោយអនុវត្តបានជោគជ័យទៅលើរបបគ្រោះថ្នាក់ការងារដើម្បីការពារកម្មករនិយោជិតករណីជួបគ្រោះថ្នាក់អីមួយ ក្នុងពេលបំពេញការងារខ្លួន រួមទាំងរបបថែទាំសុខភាពជាដើម។ កិច្ចសហប្រតិបត្តិការ របស់បេឡាជាតិសន្តិសុខសង្គមនៅតែបន្តរហូតមក។ ទន្ទឹមនេះដែរ ភាគីកូរ៉េកំពុងជួយកម្ពុជាក្នុងការរៀបចំសេចក្តីព្រាងស្តីពីសុវត្ថិភាព និងសុខភាពការងារ ដែលកម្ពុជា មិនទាន់មានច្បាប់នេះនៅឡើយ នាពេលអនាគតកម្ពុជា នឹងបង្កើតឲ្យមានក្របខណ្ឌច្បាប់នេះ ដើម្បីធានាបានប្រសើរថែមទាំង លើការការពារសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ។ ជាមួយគ្នានេះ ភាគីកូរ៉េគ្រោងនឹងបង្កើតវិទ្យាស្ថានជាតិបណ្តុះបណ្តាលផ្នែកសុខភាព និងសុវត្ថិភាពការងារ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីបណ្តុះបណ្តាលដល់ភាគីពាក់ព័ន្ធឲ្យយល់ពីប្រព័ន្ធសុវត្ថិភាព និងសុខភាពនៅកន្លែងធ្វើការ។

ពាក់ព័ន្ធនឹងការបញ្ជូន-ទទួលពលករកម្ពុជាធ្វើការនៅប្រទេសកូរ៉េ លោករដ្ឋមន្ត្រីបានលើកឡើងថា បន្ទាប់ពីស្ថានភាពកូវីដ-១៩ នៅប្រទេសកូរ៉េមានភាពធូរស្រាល ដែលអាចទទួលយកកម្លាំងពលកម្មបរទេសបានកម្ពុជារំពឹងថានឹងក្លាយជាប្រទេសអាទិភាពមួយក្នុងចំណោមប្រទេសចំនួន ១៥ ផ្សេងទៀត ដោយសារកម្ពុជាមានស្ថានភាពកូវីដល្អប្រសើរ មានជើងហោះហើរច្រើន។
លោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េបានលើកឡើងថា នៅក្នុងឆ្នាំ២០១៩ ពលករកម្ពុជាមានចំនួនច្រើនជាងគេក្នុងចំណោមពលករដែលធ្វើការនៅប្រទេសកូរ៉េ ហើយក្នុងដំណាក់កាលជំងឺកូវីដ-១៩ ឆ្នាំ២០២០នេះ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េនៅតែអនុញ្ញាតទទួលពលករកម្ពុជាដដែល។

លោកទូតបានបញ្ជាក់ថា «មូលហេតុដែលកូរ៉េអនុញ្ញាតទទួលពលករកម្ពុជាយ៉ាងដូច្នេះ គឺដោយសារនិយោជកមានការពេញចិត្តនឹងសមត្ថភាពខ្ពស់របស់ពលករកម្ពុជា មានភាពស្មោះត្រង់នឹងការងារនិងអនុវត្តតាមការណែនាំរបស់ផ្នែកសុខាភិបាលរបស់រដ្ឋាភិបាលកូរ៉េបានយ៉ាងហ្មត់ចត់»។

សូមជម្រាបថា ចាប់ពីឆ្នាំ២០០៧មក កម្ពុជាបានបញ្ជូនពលករសរុប ៦៨,២៩៤ នាក់ (ស្រី ១៤,២៥៥ នាក់) ឱ្យទៅធ្វើការនៅប្រទេសកូរ៉េ ដែលរួមមានវិស័យឧស្សាហកម្ម កសិកម្ម និងសំណង់ ដែលអាណត្តិការងារមានរយៈពេល ៤ ឆ្នាំ ១០ ខែខណៈពេលបច្ចុប្បន្ន ពលករកម្ពុជាដែលកំពុងធ្វើការនៅកូរ៉េមានចំនួនជិត ៥០,០០០ នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here