ភ្នំពេញ៖ លោក ងិន ឆាយ អគ្គនាយកនៃ អគ្គនាយកដ្ឋានកសិកម្ម បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាល បានផ្តល់គ្រាប់ពូជស្រូវចំនួន ៦ ៥៧៨តោន ចែកជូនប្រជាជនប្រមាណ ៦៥ ៧៨០គ្រួសារ ដែលទទួលរងផលប៉ះពាល់ ដោយសារទឹកជំនន់។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី កិច្ចអន្តរាគមន៍ឆ្លើយតប និងស្ដារឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយទឹកជំនន់ ក្នុងផលិតផលកសិកម្ម នៅថ្ងៃទី២៦ វិច្ឆិកានេះ លោក ងិន ឆាយ បានបន្តថា ពលរដ្ឋនៅខេត្តចំនួន១៩ ដែលរងការខូចខាតដំណាំស្រូវរួមមាន៖ ពោធិសាត់ បន្ទាយមានជ័យ បាត់ដំបង សៀមរាប កំពង់ធំ កំពង់ចាម ក្រចេះ ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ កំពត កំពង់ស្ពឺ រាជធានី ភ្នំពេញ កំពង់ឆ្នាំង ព្រះវិហារ ស្ទឹងត្រែង និងខេត្តប៉ៃលិន។
លោកបន្តថា មកដល់ពេលនេះ ផ្ទៃដីដំណាំស្រូវដែលបាន ដាំដុះស្តារឡើងវិញមានចំនួន ២០ ៥៨៥ ហិកតា។ លោកថា ជាមួយគ្នានោះបានផ្តល់គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំសម្រាប់ អន្តរាគមន៍គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបអស់ចំនួន ៣២ ៣៧៦គីឡូក្រាម ដល់កសិករចំនួន ៩៧ ៩៦៦គ្រួសារ ដែលគ្រួសារនីមួយៗទទួលបាន ៤ទៅ៦មុខដំណាំ។
លោកបន្ថែមថា ចំពោះដំណាំបន្លែ និងដំណាំរួមផ្សំដែលចែក ជូនប្រជាជនមានចំនួន ១១មុខ រួមមាន គ្រាប់ប៉េងប៉ាះ ត្រប់វែង ត្រប់ក្រាំងរមាស សណ្តែកកួរ ពោតដំណើប ស្ពៃខៀវ ត្រឡាច ល្ពៅ ស្ពៃចង្កឹះ ត្រកួន ម្រះ និងត្រសក់។
ទន្ទឹមគ្នានោះដែរលោក ងិន ឆាយ បានលើកឡើងថា ចំពោះផ្ទៃដីបង្កបង្កើនផល ដំណាំស្រូវរដូវវស្សាឆ្នាំ២០២០ អនុវត្តបានសរុបចំនួន ២ ៧៩០ ៨២៩ហិកតា ស្មើនឹង ១០៧,៨៣% នៃផែនការដាំដុះចំនួន ២ ៥៨៨ ១៣០ហិកតា ដែលក្នុងនោះ ស្រូវស្រាលដើមរដូវវស្សា មានចំនួន ៨៩៣ ៧៩២ហិកតា ស្រូវកណ្តាលមានចំនួន ១ ៣៩៤ ៧៧៩ហិកតា ស្រូវធ្ងន់មានចំនួន ៤៤៨ ១៣៧ហិកតា ស្រូវចម្ការមានចំនួន ២០ ៦៧៣ហិកតា និងស្រូវឡើងទឹកមានចំនួន ៣៣ ៤៤៨ហិកតា។
លោកបន្តថា ផ្ទៃដីដំណាំស្រូវរដូវវស្សា ដែលរងផលប៉ះពាល់ ដោយគ្រោះរាំងស្ងួតចំនួន១៣៥ ៤៣៣ហិកតា ក្នុងនោះខូចខាតអស់ចំនួន១៤ ១៧២ ហិកតា និងបានស្តាឡើងវិញបានចំនួន ៦ ៦៥១ហិកតា។ ចំពោះស្រូវរដូវវស្សា ទទួលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ចំនួន៣០៤ ៨២១ហិកតា ក្នុងនោះខូចខាតអស់ចំនួន១២៥ ៧៧០ហិកតា និងបានស្តារឡើងវិញចំនួន ១៩ ៩៩៣ហិកតា។
លោកគូសបញ្ជាក់ថា ផ្ទៃដីដាំដុះដំណាំ សាកវប្បកម្មអនុវត្តបានសរុបចំនួន ៧៣ ២៦៦ហិកតា រងផលប៉ះពាល់ដោយ គ្រោះទឹកជំនន់សរុបចំនួន១០ ០០១ហិកតា ក្នុងនោះខូចខាតចំនួន ២ ៣១០ ហិកតា និងបានស្តារឡើងវិញចំនួន៨៤ហិកតា ។ លោកថា ផ្ទៃដីដាំដុះដំណាំឧស្សាហកម្មអនុវត្តបានចំនួន ៨១៩ ៤៦៥ហិកតា រងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតចំនួន១១ ៧៥១ហិកតា ក្នុងនោះខូចខាតអស់ចំនួន៤ ០៧៤ ហិកតា បានស្តារការដាំដុះបានចំនួន ៤ ០៧៤ ហិកតា និងរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន៨៧ ២១២ហិកតា ក្នុងនោះខូចខាតអស់ចំនួន ៥៩ ០០៥ហិកតា៕