រដ្ឋាភិបាលផ្តល់ដី១ម៉ឺនហិកតា ឱ្យក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង បង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកោះកុង

0
12

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានផ្តល់ដីសម្បទានទំហំ១ម៉ឺនហិកតា ស្ថិតនៅក្នុងឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុង ឱ្យទៅក្រុមហ៊ុន Royal Group Co.,Ltd របស់អ្នកឧកញ៉ា គិត ម៉េង ដើម្បីអភិវឌ្ឍន៍ជាតំបន់សេដ្ឋកិច្ចពិសេស ។នេះបើយោងលិខិត របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។

យោងតាមរដ្ឋបាលខេត្តកោះកុង បានអោយដឹងថា រដ្ឋាភិបាលបានណែនាំឱ្យក្រសួងបរិស្ថាន ត្រូវចុះពិនិត្យសិក្សាអំពីទីតាំង ដែលក្រុមហ៊ុនបានស្នើសុំដោយសហការជាមួយ រដ្ឋបាលខេត្តកោះកុង និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដើម្បីកំណត់ទីតាំងដី ជាក់ស្ដែង ដែលរាជរដ្ឋាភិបាលផ្ដល់ជូនក្រុមហ៊ុន ក្នុងការអភិវឌ្ឍជាតំបន់សេដ្ឋកិច្ចពិសេស ។ ចំណែកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ត្រូវបំពេញបែបបទ និងនីតិវិធីជាមួយក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធ ។

ពាក់ព័ន្ធបញ្ហានេះដែរ កាលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តកោះកុង បានរៀបចំកិច្ចប្រជុំសិក្សាលម្អិត អំពីទីតាំងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ក្នុងឧទ្យានជាតិបុទុមសាគរ ដែលស្ថិតក្នុងភូមិសាស្ត្រឃុំតានូន និងឃុំថ្មស ស្រុកបូទុមសាគរ ដោយមានការចូលរួមពីលោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង។

លោក សុខ សុទ្ធី អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តកោះកុង បានមានប្រសាសន៍ នៅក្នុងកម្មវិធីរៀបចំកិច្ចប្រជុំសិក្សាលម្អិត អំពីទីតាំងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ក្នុងឧទ្យានជាតិបុទុមសាគរថា ៖«ការមានតំបន់សេដ្ឋកិច្ចពិសេស នឹងជួយឱ្យខេត្តកោះកុង មានការរីកចម្រើន ដោយជួយឱ្យប្រជាពលរដ្ឋមានការងារធ្វើ។ ប៉ុន្តែនៅមិនទាន់ដឹងថា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសហ្នឹង គេធ្វើអ្វីខ្លះនោះទេគេកំពុងសិក្សាសិន» ។

យ៉ាងណាក៏ដោយលោកបានបញ្ជាក់ថា នៅពេលគេសិក្សាទីតាំងលម្អិតហើយ គេនឹងបើកមានពេលឆាប់ៗខាងមុខនេះ ។

បើយោងតាមការលើកឡើងរបស់ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០១៩កន្លងទៅ ប្រទេសកម្ពុជា បង្កើតបាននូវ តំបន់សេដ្ឋកិច្ចពិសេសចំនួន ៥៤ក្នុងនោះ មានក្រុមហ៊ុនវិនិយោគចំនួន ៤៦៥ក្រុមហ៊ុន និងកម្មករ ដែលកំពុងបម្រើការងារជាង ១,២ សែននាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here