ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានថ្លែងថា ការពន្លឿនការតភ្ជាប់ឌីជីថលក្នុងតំបន់ និងការកែប្រែសង្គមសេដ្ឋកិច្ច ឲ្យទៅជាសង្គម សេដ្ឋកិច្ចឌីជីថល នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយពីវិបត្តិកូវីដ-១៩ ។
ក្នុងពិធីបើកពិព័រណ៍ ចិន-អាស៊ាន លើកទី១៧ ក្រោមប្រធានបទ «កសាងខ្សែក្រវ៉ាត់ និងផ្លូវ និងពង្រឹងកិច្ចសហប្រតិបត្តិ ការ សេដ្ឋកិច្ចឌីជីថល» តាមរយៈប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី២៧ វិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ភាពចាំបាច់ត្រូវពង្រឹងការប្តេជ្ញា ទ្រទ្រង់គោលការណ៍ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយផលប៉ះពាល់លើផ្នែក សេដ្ឋកិច្ច-សង្គម ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។
សម្ដេចតេជោ បន្តថាវិបត្តិកូវីដ ក៏បានរំលិចឲ្យឃើញ កាន់តែច្បាស់នូវភាពចាំបាច់ ក្នុងការជំរុញអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម ឌីជីថល។ បច្ចេកវិទ្យាឌីជីថល បាននិងកំពុង ធ្វើតួនាទីយ៉ាងសំខាន់ ក្នុងការសម្របខ្លួនរបស់យើងទៅក្នុង បរិការថ្មីនៃការរស់នៅ និងការអនុវត្តការងារដោយបានជួយសម្រួល ប្រាស្រ័យទាក់ទងគ្នា ក្នុងតំបន់ និងសកល ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា «ការពន្លឿនតភ្ជាប់ឌីជីថលក្នុងតំបន់ និងការកែប្រែសង្គមសេដ្ឋកិច្ច ឲ្យទៅជាសង្គម សេដ្ឋកិច្ចឌីជីថល និងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយពីវិបត្តិកូវីដ-១៩ ត្រូវបានបញ្ចប់។ ប្រទេសចិន គឺជាប្រទេសមួយដឹកនាំការវិនិយោគ និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នៅក្នុងសកលលោក» ។
សម្ដេចបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងលើកកម្ពស់ ការធ្វើឌីជីថលូបនីយកម្ម ទាំងក្នុងវិស័យ ផលិតកម្ម ឧស្សាហកម្ម សេវាកម្ម និងរដ្ឋាភិបាលឌីជីថល។ កម្ពុជានឹងដាក់ចេញ ក្របខណ្ឌនយោបាយ សេដ្ឋកិច្ច សង្គមឌីជីថល នាពេលឆាប់ៗខាងមុខនេះ ។
សម្ដេចតេជោថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញការអនុវត្តវិធានការ កែទម្រង់យ៉ាងមុតស្រួច ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគឲ្យបានកាន់តែប្រសើរ៕