ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ នឹងអញ្ជើញចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្ដីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៣ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី២៧ វិច្ឆិកានេះ បានឲ្យដឹងថា កិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូនេះ នឹងបន្តសន្ទុះកិច្ចពិភាក្សាពីកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប ដែលបានប្រព្រឹត្តទៅពីថ្ងៃទី១០ កញ្ញាកន្លងទៅនេះ។ រដ្ឋមន្រី្តអាស៊ាន និងសហភាពអឹរ៉ុប នឹងពិនិត្យឡើងវិញអំពី កិច្ចសហប្រតិបតិ្តការកន្លងមក និងបច្ចុប្បន្ន ហើយកំណត់ទិសដៅអនាគត សម្រាប់ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប។ កិច្ចប្រជុំនឹងផ្លាស់ប្តូរយោបល់ផងដែរ អំពីបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗ ដែលជាកង្វល់ និងផលប្រយោជន៍រួម។
កិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៣ រំពឹងថានឹងនាំមកនូវកិច្ចសហប្រតិបតិ្តការ កាន់តែរឹងមាំរវាងតំបន់ទាំងពីរ ពិសេសក្នុងការឆ្លើយតបទៅនឹង បញ្ហាប្រឈមជាច្រើនមិនធ្លាប់មានពីមុន ដែលបណ្តាលមកពីជំងឺកូវីដ-១៩ និងការប្តេជ្ញាបន្តពង្រឹងសន្តិភាព ស្ថិរភាព សន្តិសុខ ក៏ដូចជាភាពរឹងមាំដើម្បីទប់ទល់នឹងផលវិបាក ពីវិបតិ្តនាពេលអនាគត៕