ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ឲ្យមន្ត្រីអនុវត្តច្បាប់ ត្រូវធ្វើការងារផ្អែកទៅលើច្បាប់ មិនត្រូវធ្វើការងារផ្អែកទៅលើមាត់ឡើយ ។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការពង្រឹងអនុវត្តតួនាទីភារកិច្ច របស់រដ្ឋបាលខេត្តមណ្ឌលគីរី នាថ្ងៃទី២៧ វិច្ឆិកានេះ សម្ដេច ស ខេង បានឲ្យដឹងថា នៅកម្ពុជា បានធ្វើច្បាប់ជាច្រើន ដើម្បីពង្រឹងការគ្រប់គ្រងប្រទេស មួយឲ្យទៅជានីតិរដ្ឋ និងតាមគោលការណ៍ប្រជាធិតេយ្យ។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ធ្វើការងារត្រូវផ្អែកទៅលើច្បាប់ ហើយកុំផ្អែកទៅលើមាត់ ឬគេប្រើពាក្យម្យ៉ាងថា យើងត្រូវធ្វើការគ្រប់គ្រងនេះ ឲ្យទៅជាការគ្រប់គ្រងនីតិរដ្ឋ ហើយយើងមិនត្រូវធ្វើការ គ្រប់គ្រងប្រទេសយើង ទៅជា ការគ្រប់គ្រងនីតិមាត់ទេ»ខ្ញុំសូមប្រើពាក្យនេះថា យើងមិនត្រូវប្រើមាត់ ជំនួសច្បាប់ទេ ច្បាប់ថាម៉េច ត្រូវអនុវត្តតាមហ្នឹងទៅ ត្រូវប្រើប្រាស់តាមនីតិរដ្ឋ និងគោរពគោលការណ៍នីតិរដ្ឋ មិនត្រូវគោរពតាមនីតិមាត់ទេ។ ជួនកាលចៅហ្វាយខេត្ត ជូនចៅហ្វាយស្រុក ច្បាប់ថាម៉េច ថាទៅ ខ្ញុំចេះតែធ្វើ អាហ្នឹងអត់ត្រូវទេខុស» ។
សម្ដេចបន្ដថា ប្រជាពលរដ្ឋធ្វើរឿងត្រឹមត្រូវ និងគោរពច្បាប់របស់កម្ពុជា គឺមានការគាំទ្រ ប៉ុន្ដែប្រសិនបើប្រជាពលរដ្ឋណាមួយ ធ្វើខុសច្បាប់របស់កម្ពុជា ហើយរត់ទៅរកអ្នកមានអំណាច មកឲ្យជួយអន្ដរាមន៍ គឺមិនត្រូវឡើយ បើធ្វើខុសច្បាប់ត្រូវ ទទួលយកតាមផ្លូវច្បាប់ ៕