ភ្នំពេញ៖ កាលណីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមអ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌល អន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃ អាជ្ញាធរជាតិអប្សរា បានធ្វើកំណាយស្រាវជ្រាវ នៅទួលត្រពាំងបុស្ស ស្ថិតក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ដែលមានទីតាំង នៅខាងជើងខ្លោងទ្វារដីឆ្នាំងនៃក្រុងអង្គរធំ បានប្រទះឃើញឡដុត កុលាលភាជន៍បុរាណមួយ ដែលតាមការសន្និដ្ឋានបឋម ប្រហែលជាស្ថិតក្នុងសម័យអង្គរ ឬសម័យក្រោយអង្គរ ។ នេះបើយោងតាមហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា ។
លោកបណ្ឌិត ទិន ទីណា អនុប្រធានមជ្ឈមណ្ឌល ស្រាវជ្រាវអន្តរជាតិ និងតម្កល់ឯកសារអង្គរ និងជាប្រធានក្រុមកំណាយបានឱ្យដឹងថា ការជ្រើសរើសទីតាំងធ្វើកំណាយ នៅលើទួលត្រពាំងបុស្ស ដើម្បីឱ្យដឹងច្បាស់ថា ទួលនេះជាកន្លែងផលិតភាជន៍ សម័យបុរាណមែនឬអត់ ព្រោះកន្លងមកមានអ្នកស្រាវជ្រាវមួយចំនួន ប្រទះឃើញសំណល់បំណែកភាជន៍ជាច្រើន រាយប៉ាយលើទួល នៅលើខ្នងទំនប់ ដែលមានទីតាំងនៅផ្នែកខាងលិច ក្លោងទ្វារដីឆ្នាំងនៃរាជធានីអង្គរធំ។ ប៉ុន្តែរហូតមកដល់ពេលនេះ ពុំទាន់មានការធ្វើកំណាយស្រាវជ្រាវ ដើម្បីបញ្ជាក់ថាទីតាំងនេះជាឡដុតភាជន៍ សម័យបុរាណនៅឡើយទេ។ ដូច្នេះតាមរយៈបំណែកភាជន៍ និងបំណែកដីដុតដែលបន្សល់ទុក នៅលើទួលធំវែងរហូតដល់សព្វថ្ងៃនេះ អ្នកស្រាវជ្រាវមួយចំនួនយល់ស្របគ្នាថា ទីតាំងនេះមានភាគរយខ្ពស់ អាចជាឡដុតភាជន៍សម័យបុរាណ។
គម្រោងនេះនឹងបញ្ចប់នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ហើយតាមរយៈការធ្វើកំណាយ យើងក៏បានឃើញជញ្ជាំងឡ និងភាជន៍ភាគច្រើនជារបស់ប្រើប្រចាំថ្ងៃមាន ឆ្នាំងដី ក្បឿង ចង្ក្រាន ខួច ប៉ុន្តែពុំមានស្រទាប់រលោងទេ។ បន្ទាប់ពីកំណាយរួច យើងនឹងសុំគោលការណ៍សិក្សា ស្រាវជ្រាវនៅតំបន់នេះបន្តទៀត ដោយចុះបញ្ជីសារពើភណ្ឌទួលទាំងអស់ គូសផែនទី ដាក់ទីនេះជាតំបន់ការពារសម្រាប់ ឱ្យភ្ញៀវទេសចរមកទស្សនា និងការសិក្សារបស់អ្នកស្រាវជ្រាវផង។
លោក វិទូ ភិរម្យ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ក្រុមការងារបានយកចិត្តទុកដាក់ខ្លាំង ទៅលើបច្ចេកទេសកំណាយ ដើម្បីកាត់បន្ថយហានីភ័យ ដល់សំណង់បុរាណនិងវត្ថុបុរាណ ដែលប្រទះឃើញនៅក្នុងរណ្តៅ ដោយបែងចែកជាក្រឡាដើម្បី ងាយស្រួលប្រមូលទិន្នន័យ ថតរូបរចនាសម្ពន្ធនៃទីតាំងវត្ថុបុរាណ ការប្រើប្រាស់ឧបករណ៍តូចៗ និងអាចគ្រប់គ្រងរចនាសម្ពន្ធឡបានល្អ។ លក្ខណៈរចនាសម្ពន្ធឡ ដែលរកឃើញនៅពេលនេះ គឺពិសេសណាស់ព្រោះរូបរាង រចនាសម្ពន្ធឡនេះខុស ពីឡភាគច្រើននៅតំបន់អង្គរ ដែលធំៗ វែងៗ។ តាមរយៈវត្ថុដែលប្រទះឃើញនៅទីនេះ ក៏ធ្លាប់ឃើញនៅតាមការដ្ឋានកំណាយ លើទីតាំងមនុស្សរស់នៅដែរ តែយើងមិនដឹងថា វាមានប្រភពមកពីឡណាទេ។ ដូច្នេះវានឹងក្លាយជាភស្តុតាងខ្លះៗ សម្រាប់ការស្រាវជ្រាវរកប្រភពនៃឡ និងភាជន៍ដែលបានប្រើប្រាស់នាសម័យមុន ថាមានប្រភពមកពីឡមួយណាច្បាស់លាស់។
លោក ឆាយ រចនា ប្រធានការិយាល័យ អង្គរភាពកុលាលភាជន៍អង្គរ នៃមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ និងតម្កល់ឯកសារអង្គរក៏បានបញ្ជាក់ដែរថា ខណៈនេះយើងមិនទាន់ដឹង រូបរាងឡពេញលេញទេ គ្រាន់តែឃើញមានជញ្ជាំងឡ ទំហំឡតូច រាងមូល មានកន្លែងដាក់ឧស មានអង្កត់ផ្ចិតត្រឹម ៣ម៉ែត្រការ៉េប៉ុណ្ណោះ ហើយលក្ខណៈពិសេសនៃរចនាសម្ពន្ធឡដីឆ្នាំងនេះ ពិតជាអស្ចារ្យ ដែលមិនធ្លាប់ឃើញពីមុនមកទេ។ ចំណែកភាជន៍នៅទីនេះ ក៏គ្មានស្រទាប់រលោងដែរ តែមានក្បាច់លម្អ ហើយភាគច្រើនគឺឆ្នាំងដី និងក្បឿង ដែលខុសពីការផលិតនៅគោកព្នៅ និងគោកបី។ តាមរយៈបំណែកក្បឿង យើងអាចសន្និដ្ឋានថា ឡដុតភាជន៍នេះប្រហែល កើតឡើងនៅចុងសម័យអង្គរ ព្រោះក្បឿងប្រភេទនេះមិនសូវ ឃើញប្រើប្រាស់នៅក្នុងសម័យអង្គរទេ។ ចំពោះឡផលិតភាជន៍នេះ បើតាមការប្រាប់ពីការចងចាំរបស់អ្នកស្រុក ប្រហែលជាអាចជាប់ពាក់ព័ន្ធ នឹងការហៅឈ្មោះខ្លោងទ្វារដីឆ្នាំងដែរ ព្រោះជាកន្លែងមានឡផលិតឆ្នាំងដីជាច្រើន ៕