ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំឲ្យសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ប៊ិន ឈិន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ត្រូវធ្វើចត្តាឡីស័កដោយសារបានចូលរួមប្រជុំជាមួយ លោក ឆែម សាវុធ ប្រធាន នាយកដ្ឋានពន្ធនាគារដែលធ្វើតេស្តរកឃើញកូវីដ១៩នាថ្ងៃទី២៨វិច្ឆិកា។
បើតាមសារសំឡេង របស់សម្តេចនាយរដ្ឋមន្ត្រី ហ៊ុន សែន កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកាបានឲ្យដឹងថា ជាមួយគ្នានេះ សម្តេច ស ខេង ក៏បានធ្វើដំណើរ ទៅខេត្តមណ្ឌលគិរីផងដែរ ដូច្នេះក្រសួងសុខាភិបាល ក៏ត្រូវពិនិត្យស្រាវជ្រាវដែរ។
ក្រសួងសុខាភិបាលនៅថ្ងៃទី ២៩វិច្ឆិកា នេះបានប្រកាសឱ្យដឹងពីរកឃើញអ្នកប៉ះពាល់ ៥នាក់ទៀត មាន «វិជ្ជមានកូវីដ» ក្នុងនោះមានលោក ឆែម សាវុធ ជា អគ្គនាយក នៃ អគ្គនាយកដ្ឋាន ពន្ធនាគារ នៃ ក្រសួងមហាផ្ទៃរួមទាំងសមាជិកគ្រួសារ៤នាក់ទៀត បានធ្វើតេស្តរកឃើញ វិជ្ជមានកូវីដ -១៩ បន្ទាប់ពី ភរិយារបស់លោក ធ្វើតេស្តរកឃើញថាមានផ្ទុកកូវីដ-១៩នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា។
សូមរំលឹកថា គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ១៩ ចំនួន៣១៥នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣០១នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន១៤នាក់៕