ភ្នំពេញ÷ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានឲ្យដឹងថាការសម្រុកប្រមូលផល និងកង្វះខាតមធ្យោបាយច្រូតកាត់ បានធ្វើឱ្យថ្លៃឈ្នួលម៉ាស៊ីនច្រូតស្រូវក្នុងមួយគ្រឿងហក់ស្ទុះលើស៣ដង ធៀបនឹងថ្លៃឈ្នួលឆ្នាំមុន។
យោងតាមសេចក្ដីអំពាវនាវ របស់ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានកត់សម្គាល់ឃើញថា ក្នុងរដូវប្រមូលផលស្រូវនេះ ប្រជាកសិករនៅតាមបណ្តាខេត្តមួយចំនួន កំពុងសស្រាក់សស្រាំ ធ្វើការប្រមូលផលស្រូវសែនក្រអូប និងស្រូវម្លិះឱ្យទាន់ពេលវេលា ក៏ប៉ុន្តែព្រមពេលជាមួយគ្នានេះ នៅតំបន់មួយចំនួន ការប្រមូលផលស្រូវទាំងពីរប្រភេទនេះ កំពុងប្រឈមមុខ និងការខ្វះខាតនូវកំលាំងពលកម្ម ដើម្បីច្រូតកាត់ ក៏ដូចជាខ្វះខាតម៉ាស៊ីនច្រូតកាត់ស្រូវធ្វើឱ្យការ ច្រូតកាត់មិនបានទាន់ពេលវេលា ដោយមូលហេតុការប្រមូលស្រូវ ក្នុងរដូវប្រមូលផលឆ្នាំនេះមានភាពសម្រុកខ្លាំងផ្ទួនគ្នា។
ធនាគារអភិវឌ្ឍន៍ជនបទបានបញ្ជាក់ថា “ការសម្រុកប្រមូលផល និងកង្វះខាតមធ្យោបាយច្រូតកាត់នេះ បានធ្វើឱ្យថ្លៃឈ្នួលម៉ាស៊ីនច្រូតស្រូវក្នុងមួយគ្រឿងហក់ស្ទុះលើស៣ដង ធៀបនឹងថ្លៃឈ្នួលឆ្នាំមុន។ ប្រសិនបើសភាពការណ៍ខ្វះខាតមធ្យោបាយច្រូតកាត់នេះ នៅតែអូសបន្លាយយូរថ្ងៃទៀត ស្រូវរបស់បងប្អូនប្រជាកសិករ នៅក្នុងស្រែនឹងទុំជ្រុលជាហេតុ ធ្វើឱ្យបាត់បង់គុណភាពស្រូវ ព្រមទាំងធ្វើឱ្យថ្លៃស្រូវធ្លាក់ចុះផងដែរ”។
ទន្ទឹមនិងនោះធនាគារអភិវឌ្ឍន៍ជនបទ ក៏បានអំពាវ អ្នកដែលមានម៉ាស៊ីនច្រូតកាត់ស្រូវ សូមមេត្តាកុំដំឡើងថ្លៃឈ្នួល និងសូមរក្សាថ្លៃឈ្នួលដដែល។
ជាមួយគ្នានោះដែរ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអំពាវនាវដល់អាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន យុវជនស្ម័គ្រចិត្ត ដែលកំពុងឈរជើងនៅតាមតំបន់ ដែលកំពុងប្រមូលផលស្រូវសែនក្រអូប និងស្រូវម្លិះ មេត្តាចាត់ចែងកម្លាំងចុះជួយច្រូតកាត់ស្រូវ របស់បងប្អូនប្រជាកសិករជាបន្ទាន់ និងតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីជួយសម្រាលទុក្ខលំបាក ក៏ដូចជាជួយទប់ស្កាត់ការធ្លាក់ចុះថ្លៃស្រូវរបស់បងប្អូនប្រជាកសិករ ដែលអាចកើតឡើងដោយប្រការណាមួយ៕