លំអិតពីករណីសង្ស័យពុលស្រា ស នៅខេត្តកំពង់ឆ្នាំង ស្លាប់៥ ក្នុងចំណោមអ្នករងគ្រោះ១១៥នាក់

0
8

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអោយដឹងថា គិតត្រឹមម៉ោង១៨:០០នាទីនៃថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ យោងតាមរបាយការណ៍ របស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ករណីសង្ស័យពុលស្រាស នៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានកេីតឡេីងនៅឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលមានដូចតទៅ៖
១. បានទទួលព្យាបាល អ្នកមានអាការ:សង្ស័យពុលស្រាស នៅមន្ទីរពេទ្យខេត្ត កំពង់ឆ្នាំង មានចំនួន ១០៥នាក់ (ស្រី ៦នាក់) ក្នុងចំណោមនោះ អ្នកមានស្ថានភាពធ្ងន់ធ្ងរចំនួន ៦នាក់ និងបានបញ្ជូន ទៅមន្ទីរពេទ្យកាល់ម៉ែតចំនួន ០៥នាក់ (ស្លាប់នៅតាមផ្លូវ ពេលបញ្ជូនចំនួន ០២នាក់ និងករណីនៅធ្ងន់ធ្ងរកំពុងសង្គ្រោះ ០១នាក់) មានករណីស្លាប់នៅមន្ទីរពេទ្យខេត្ត កំពង់ឆ្នាំង ០១នាក់ ស្លាប់នៅផ្ទះ ០១នាក់ និងបានព្យាបាលនៅមណ្ឌលសុខភាពអភិវឌ្ឍន៍ ចំនួន ១០ នាក់។ ជាសរុប អ្នករងគ្រោះ ចំនួន ១១៥ នាក់ (ស្រី៦នាក់) ក្នុងនោះស្លាប់ ៥នាក់។

លោកស្រីបានអោយដឹងទៀតថា បច្ចុប្បន្នអ្នកជំងឺដែលកំពុងសម្រាកព្យាបាល មានការវិវត្តន៌មកស្ថានភាពល្អ ប្រសេីរវិញហេីយ ។ មូលហេតុអ្នក ទាំងអស់ខាងលេី បានមកចូលរួមកំដរបុណ្យសពក្នុងភូមិ ហើយជួបជុំគ្នាពិសារស្រាស រីឯការសន្និដ្ឋានរបស់ក្រុមការងារចុះស្រាវជ្រាវពិនិត្យ គឺជាករណីសង្ស័យពុលស្រាស។

ជាមួយគ្នានេះក្រសួងសុខាភិបាល ក៏បានដាក់ចេញវិធានការណ៏ និងអន្តរាគមន៌ជួយដល់អ្នកសង្ស័យពុលស្រាស មានដូចតទៅ ៖
– ពេលទទួលបានព័ត៌មាននៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចាត់ថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន ០៣រូប និងមានក្រុមឆ្លេីយតបបន្ទាន់នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃកហរសួងសុខាភិបាល ចុះធ្វេីដំណេីរទាំងយប់ទៅខេត្តកំពង់ឆ្នាំង ដេីម្បីជួយការងារបច្ចេកទេសដល់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង រហូតដល់ស្ថានភាពគ្រប់គ្រងបានទាំងស្រុង។
-ចាត់វិធានការណ៏ហាមការផឹកស្រាស និងបញ្ឈប់ការធ្វេីចរាចរលក់ដូរស្រាស ជា បន្ទាន់ ។
– បានសង្រ្គោះជនរងគ្រោះ បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យខេត្កំពង់ឆ្នាំងបានទាន់ពេល លេីកលែងអ្នកដែលមានសភាពធ្ងន់ធ្ងរពេកដែលបានបាត់បង់ជីវិតគួរឲ្យសោកស្តាយជាទីបំផុត។
– បន្តអប់រំសុខភាពប្រជាពលរដ្ឋជាបន្តទៀត ជាពិសេសមិនត្រូវពិសារស្រាសដែលផលិតគ្មានបច្ចេកទេសត្រឹមត្រូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here