នាយករដ្ឋមន្ត្រី ជំរុញឲ្យពលរដ្ឋតាំងខ្លួនជាអ្នកចាញ់ និងខ្លាចកូវីដ១៩ ដើម្បីការពារជំងឺដ៏កាចសាហាវនេះ (Video)

0
7

ភ្នំពេញ៖ ដើម្បីការពារជំងឺកូវីដ-១៩នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជំរុញឲ្យប្រជាពលរដ្ឋ ត្រូវតាំងខ្លួនជាអ្នកចុះចាញ់ និងជាអ្នកខ្លាចកូវីដ តែមិនត្រូវភ័យតក់ស្លុត ដោយភ្លេចការបង្ការការពារនោះទេ គឺត្រូវការពារជាប់ជានិច្ច ជាពិសេសអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ។

ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប នាព្រឹកថ្ងៃទី៣០ វិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចបានសម្តែង នូវក្តីរីករាយដែលបានអញ្ជើញ សម្ពោធបើកការដ្ឋាន និងកែលម្អផ្លូវចំនួន ៣៨ខ្សែនៅពេលនេះ តែតាមគម្រោងកម្មវិធីបើការដ្ឋាននេះ នឹងត្រូវមានការចូលរួមមនុស្សជាង ១ពាន់នាក់ តែដោយសារតែបញ្ហាការ រីករាលដាលនៃជំងឺកូវី១៩ យើងត្រូវកាត់បន្ថយមនុស្សចូលរួមមកត្រឹម ១០០នាក់តែប៉ុណ្ណោះ។

ទាក់ទងនឹងបញ្ហាជំងឺកូវីដ១៩ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានហៅព្រឹត្តិការណ៍នៃការចម្លង មកភរិយាអគ្គនាយកពន្ធនាគារនេះថា ជា “ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា” ។
សម្តេចតេជោ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវសាមគ្គីភាពគ្នា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវី១៩ ហើយពេលនេះគឺជាពេលដែលមិនមែន ជាពេលដែលត្រូវចោតដាក់គ្នា ទៅវិញទៅមកនោះទេ គឺមានតែការចូលរួមទប់ស្កាត់ បង្ការការពារទាំងអស់គ្នាទេ ។

សម្តេចតេជោ ហ៊ុន សែន បន្តថា កន្លងទៅនេះ កម្ពុជាយើងបានឆ្លងកាត់សមរភូមិ៣ ក្នុងការទប់ស្កាត់នៃជំងឺកូវី-១៩នេះ ដែលសមរភូមិទី១ គឺការទប់ស្កាត់ការនាំចូលជំងឺពីក្រៅ សមរភូមិទី២ គឺការបង្ការការពារការចូលសហគមន៍ និងសមរភូមិទី៣ គឺការព្យាបាលអ្នកដែលកើតអោយជាសះស្បើយ ដូច្នេះយើងត្រូវអនុវត្តតាម សមរភូមិនេះជាបន្តបន្ទាប់ទៀត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here