លោក ដួង តារា បួងសួង និងជូនពរឲ្យបងប្អូនជនរួមជាតិ ជៀសផុតពីជំងឺកូវីដ១៩

0
7

ភ្នំពេញ៖ ក្នុងថ្ងៃឧបោសថសីល ពីទឹកដីអង្គរខេត្តសៀមរាប លោក ដួង តារា រដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ត្រី បានបូងសួង និងជូនពរឲ្យបងប្អូនជនរួមជាតិ ជៀសផុតពីជំងឺកូវីដ ១៩ ទាំងអស់គ្នា ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៣០ វិច្ឆិកានេះ លោក ដួង តារា បានសរសេរថា «ក្នុងថ្ងៃឧបោសថសីលនេះ ខ្ញុំសូមបួងសួងជូនពរបងប្អូនពីទឹកដីអង្គរ អោយបានជៀសផុតពីជំងឺកូវីដ ១៩ ទាំងអស់គ្នា
ទន្ទឹមនឹងការជូនពរ សូមបងប្អូនប្រុងប្រយ័ត្នថែរក្សាសុខភាព កុំអោយឆ្លងកូវីដ១៩អោយសោះ ជាពិសេសបងប្អូនត្រូវចូលរួម អនុវត្តតាមការអំពាវនាវរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីទប់ស្កាត់ការចម្លងទៅកាន់សហគមន៍» ។

លោកបន្តថា ពិតណាស់ យើងមិនត្រូវមើលស្រាល និងធ្វេសប្រហែសអំពីការរីករាលដាល ជំងឺកូវីដ១៩ឡើយ ហើយក៏មិនត្រូវគិតថាគ្មានអ្វីកើតឡើងដែ។ ដូចប្រសាសន៍ណែនាំរបស់ សម្តេចតេជោ កាលពីព្រឹកមិញ គឺយើងត្រូវតាំងខ្លួនជាអ្នកចាញ់ និងជាអ្នកខ្លាចកូវីដ គឺត្រូវពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ ជែល ឬទឹកអាល់កុល រក្សាគម្លាតសង្គម គឺដើម្បីការពារខ្លួនឯងផង និងដើម្បីការពារក្រុមគ្រួសារផង និងអ្នកដទៃផង ទើបយើងយកឈ្នះលើកូវីដ១៩បាន ។

លោកបន្ថែមថា បើបងប្អូនដឹងខ្លួនថាបានប្រាស្រ័យទាក់ទង ជាមួយអ្នកដែលមានការសង្ស័យថាមានកូវីដ១៩ សូមទៅធ្វើតេស្តពិនិត្យកូវីដ១៩ អោយបានឆាប់រហ័ស ជៀសវាងដេកអោបមេរោគកូវីដដោយស្មានៗ ដែលវានឹងបំផ្លាញខ្លួនឯងផ្ទាល់ផង និងមនុស្សក្នុងគ្រួសារយើងផង ហើយបន្តរាលដាលដល់អ្នកដទៃ ក្នុងសហគមន៍កាន់តែច្រើន។

លោក ដួង តារា បញ្ជាក់ថា ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ២០២០នេះ គឺបងប្អូនទៅពិនិត្យសុខភាព ដោយគ្មានការតម្រូវអោយបង់ប្រាក់អ្វីឡើយ។ ហើយបើត្រូវធ្វើចត្តាឡីស័ក ក៏មិនមានការបង់ប្រាក់អ្វីទេ។ រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ជាប្រមុខមិនបណ្តោយអោយបងប្អូន ដែលជាប់ធ្វើចត្តាឡីស័ក អត់អាហារទទួលទានឡើយ។ ចំពោះបងប្អូនដែលគ្មានចំណូល ក្នុងពេលធ្វើចត្តាឡីស័ក គឺនឹងទទួលបានប្រាក់ឧបត្ថម្ភក្នុង ១គ្រួសារ២ម៉ឺនរៀល។ យើងត្រូវចូលរួមទាំអស់គ្នាក្នុងពេល ១៥ថ្ងៃនេះ ដើម្បីកុំអោយកូវីដ១៩ ឆ្លងជ្រៀតចូលក្នុងសហគមន៍។ ទន្ទឹមនឹងនេះ យើងក៏មិនត្រូវស្អប់ ឬរើសអើងចំពោះអ្នកដែលមានកូវីដ១៩ វិជ្ជមាន និងអ្នកដែលកំពុងធ្វើចត្តាឡីស័កឡើយ។

លោក ដួង តារា បានបួងសួងដល់បារមីអង្គរ និងបារមីព្រះអង្គចេកព្រះអង្គចម ឲ្យជួយថែរក្សាការពារសម្តេចទាំងទ្វេ និងប្រជាលរដ្ឋកម្ពុជាជៀសផុតពីកូវីដ ១៩ នឹងបានសុខសប្បាយចម្រុងចម្រើន ទូទាំងប្រទេស។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here