កម្ពុជា-រុស្សី សិក្សាបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ខណៈទំហំពាណិជ្ជកម្ម ទ្វេភាគី រវាងប្រទេសទាំងពីរ ធ្លាក់ចុះដោយសារកូវីដ១៩

0
10

ភ្នំពេញ៖ កម្ពុជា-រុស្ស៊ី កំពុងពិនិត្យលទ្ធភាព ក្នុងការសិក្សាបង្កើត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-រុស្សី នាពេលអនាគត ខណៈវិបត្តិជំងឺកូវីដ១៩ធ្វើឲ្យទំហំពាណិជ្ជកម្ម ទ្វេភាគីកម្ពុជា-រុស្សី ធ្លាក់ចុះប្រមាណ ១៨% នៅ១០ខែ ដើមឆ្នាំ២០២០នេះ។

បើយោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងបន្ថែមថា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំ គណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារ ជាមួយ លោក អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សហព័ន្ធរុស្សីប្រចាំកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ។ កិច្ចពិភាក្សានេះផ្តោតសំខាន់ លើការពង្រឹងកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មនិងវិនិយោគ ទ្វេភាគីនិងការពិនិត្យលទ្ធភាព ក្នុងការសិក្សាបង្កើត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-រុស្សី នាពេលអនាគត។

ជាកិច្ចចាប់ផ្តើម លោកឯកអគ្គរដ្ឋទូត សម្តែងការកោតសរសើរ ចំពោះប្រមុខរាជរដ្ឋាភិបាល កម្ពុជា ក្នុងការដាក់វិធានការ ប្រឆាំងមេរោគកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលមកទល់ពេលនេះ គ្មានជនរងគ្រោះណាម្នាក់ នៅកម្ពុជាបានបាត់បង់ជីវិត ដោយសារមេរោគនេះឡើយ។

ទោះជាយ៉ាងណា លោករដ្ឋលេខាធិការ និងលោកឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា មេរោគនេះបាននឹងកំពុង បង្ករការរាំងស្ទះ ដល់ការប្រើប្រាស់ ការបញ្ជាទិញ និងការដឹកជញ្ជូន ទំនិញទូទាំងសកលលោក និងបានចូលរួមចំណែកយ៉ាងធំ ក្នុងការធ្វើឲ្យទំហំពាណិជ្ជកម្ម ទ្វេភាគី កម្ពុជា-រុស្សីធ្លាក់ចុះប្រមាណ ១៨% នៅ១០ខែដើមឆ្នាំ២០២០នេះ។

លោករដ្ឋលេខាធិការ ក៏បានឆ្លៀតយកឱកាសនេះ លើកឡើង ពីការម្រេចបាននូវការចុះហត្ថលេខា លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី កម្ពុជា-ចិន (CCFTA) កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ កន្លងទៅ និងដំណើរការ ចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី កម្ពុជា-សាធារណៈរដ្ឋកូរ៉េ (CKFTA) ដែលបានបញ្ចប់ជុំទី៤ នៅខែវិច្ឆិកា ឆ្នាំ២០២០ នេះ។ មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ថែមលើកិច្ចព្រមព្រៀងដែលមានស្រាប់ក្នុងក្របខ័ណ្ឌអាស៊ាន+១ (ជាមួយចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលីនិងណូវែលសេឡង់ និងហុងកុង) បាននឹងកំពុងផ្តល់ ទីផ្សារដ៏យ៉ាងធំទូលាយ ដល់កម្ពុជា។

ក្នុងបរិការណ៍នេះ កម្ពុជាត្រូវការការវិនិយោគ បន្ថែមទៀត ពីសហព័ន្ធរុស្សី ពិសេសផ្នែកម៉ាស៊ីន ធុនស្រាលនិងមធ្យម ដើម្បីពង្រឹងវិស័យ ឧស្សាហកម្មកម្ពុជា សម្រាប់បង្កើនការប្រកួតប្រជែង ក្នុងការនាំចេញ។ ក្នុងស្មារតីនេះ កម្ពុជាបង្ហាញបំណង សិក្សាពីលទ្ធភាព ក្នុងការបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ទ្វេភាគីរវាង កម្ពុជា-រុស្សី ឲ្យបានឆាប់តាមដែលអាចធ្វើបាន។

ជាចុងក្រោយ លោករដ្ឋលេខាធិការ បានស្នើភាគីរុស្សី អញ្ជើញធុរជន និងវិនិយោគិនកម្ពុជា ចូលរួមកម្មវិធីនានា របស់សភាពាណិជ្ជកម្ម និងឧស្សាហកម្ម រុស្សី នាពេលខាងមុខ ដើម្បីទទួលបាន កាលានុវត្តភាព ពាណិជ្ជកម្ម និងវិនិយោគ ផ្តល់ដោយសហព័ន្ធរុស្សី និងស្នើភាគីរុស្សីជួយផ្តល់ វ៉ាក់សាំង ប្រឆាំងមេរោគកូវីដ-១៩ ជូនកម្ពុជា ប្រសិនបើភាគីរុស្សី ទទូលបានជោគជ័យ ក្នុងការផលិតវ៉ាក់សាំងនេះ នាពេលខាងមុខ។
លោកឯកអគ្គរដ្ឋទូត បានទទួលយកសំណើទាំងនេះ ដើម្បីជម្រាបជូនរដ្ឋាភិបាល រុស្សី និងសន្យាថានឹងផ្តល់ព័ត៌មាន មកភាគីកម្ពុជាវិញ នាពេលឆាប់ៗខាងមុខ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here