ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសហការី ព្រមទាំងអ្នកនៅជុំវិញខ្លួន ដែលមានការពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានធ្វើតេស្តរកមេរោគកូវីដ-១៩ រួចរាល់ហើយ នៅព្រឹកថ្ងៃទី២ ធ្នូនេះ ។
តាមរយ:បណ្ដាញសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួនសម្ដេច ទៀ បាញ់ បានសរសេរថា «ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ខ្ញុំ និងសហការី ព្រមទាំងអ្នកនៅជុំវិញខ្លួន ដែលមានការពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានធ្វើតេស្តរកមេរោគកូវីដ-១៩ រួចរាល់ហើយ។ ខ្ញុំ ក៏ដូចជាសហការី និងអ្នកនៅជុំវិញខ្លួនទាំងអស់ នឹងធ្វើចត្តាឡីស័ករយ:ពេល១៤ថ្ងៃ និងអនុវត្តវិធានការនានា តាមការណែនាំរបស់ក្រសួងសុខាភិបាល» ។
ទន្ទឹមគ្នានោះដែរ សម្ដេចពីជ័យសេនា បានអំពាវនាវឲ្យបងប្អូនដែលមាន ការពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ទាំងដោយផ្ទាល់និងដោយប្រយោល ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ក្នុងន័យរួមគ្នាបង្ការការ រីករាលដាលនៃមេរោគនេះ។ សម្ដេចក៏បានអំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តនូវរាល់វិធានការនានា តាមការណែនាំរបស់ ក្រសួងសុខាភិបាល ដោយបន្តចៀសវាងការជួបជុំ ដែលមានមនុស្សច្រើន ត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុល បន្តរក្សាគម្លាតឆ្ងាយពីគ្នា និងកុំចាកចេញពីផ្ទះបើមិនចាំបាច់ ៕