ដំណឹងល្អ! អគ្គិសនីដើរដោយថាមពលព្រះអាទិត្យ នៅខេត្តពោធិ៍សាត់ នឹងបញ្ចេញថាមពល ៩០មេហ្គាវ៉ាត់ នាដើមឆ្នាំក្រោយ

0
20

ភ្នំពេញ៖ ស្ថានីយថាមពលដើរ ដោយថាមពលព្រះអាទិត្យ ឬថាមពលសូឡា នៅ ខេត្តពោធិ៍សាត់ គ្រោងនឹងបញ្ចេញថាមពល ៩០មេហ្គាវ៉ាត់ ចូលបណ្តាញជាតិនៅដើមឆ្នាំក្រោយ ។នេះបើយោងតាម រដ្ឋបាលខេត្តពោធិ៍សាត់។

ការអោយដឹងបែបនេះធ្វើឡើង នៅក្នុងឱកាស លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល អមដំណើរដោយ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងប្រតិភូជាច្រើនផ្សេងទៀត ចុះ ទស្សនកិច្ចស្ថានីយផលិតអគ្គិសនី ដើរ ដោយថាមពល ពន្លឺព្រះអាទិត្យ ដែលមានអនុភាពសរុប ៩០មេហ្កាវ៉ាត់ ស្ថិតក្នុងភូមិអន្សរក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ ។

គម្រោងស្ថានីយផលិតអគ្គិសនី ដើរដោយថាមពល ពន្លឺព្រះអាទិត្យ ខាងលើអនុវត្ត ដោយក្រុមហ៊ុន SCHNEITEC CO., Ltd មានផ្ទៃដីសរុប១៣៥ហិចតា សម្រាប់ប្រើប្រាស់ដាក់ផ្ទាំងសូឡា សាងសង់អគារផ្លូវនិងហេដ្ឋានរចនាសម្ព័ន្ធ ផ្សេងៗទៀត ដែលមានអានុភាព ផលិតបច្ចុប្បន្ន ៦០មេហ្គាវ៉ាត់ ដោយឡែក៣០មេហ្គាវ៉ាត់ទៀត នឹងបញ្ចប់គម្រោង នៅដើមឆ្នាំ២០២១ខាងមុខ ។

កាលពីអំឡុងឆ្នាំ២០១៩ កន្លងទៅ រាជរដ្ឋាភិបាលសម្រេចឱ្យមានការសាងសង់ កន្លែងផលិតថាមពលអគ្គិសនីថ្មី ចំនួន២កន្លែងទៀត រួមមានវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលអាច ផលិតថាមពលបាន៨០មេហ្គាវ៉ាត់ និងស្ថានីយអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ ស្ថិតក្នុងភូមិអន្សរក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលអាចផលិតថាមពលបាន៩០មេហ្គាវ៉ាត់ ។

សូមជម្រាបថា មកដល់ពេលនេះ កម្ពុជាមានវារីអគ្គិសនីចំនួន៧កន្លែង ហើយដោយ៦កន្លែង ស្ថិតនៅភាគខាងត្បូងឈៀងខាងលិចនៃប្រទេសកម្ពុជា មានដូចជា ៖ វារីអគ្គិសនីអាតៃ ឫស្សីជ្រុំ កំចាយ គីរីរម្យ១ គីរីរម្យ៣ និងវារីអគ្គិសនីតាតៃ ។ ចំណែកមួយកន្លែងទៀត គឺវារីអគ្គិសនីសេសានក្រោម២ ស្ថិតក្នុងខេត្តស្ទឹងត្រែង ភាគឦសាន នៃប្រទេសកម្ពុជា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here