ភ្នំពេញ ៖ នៅក្នុងសារលិខិតផ្ញើរជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ លោក ទួត ម៉ាតាន់ រ៉ូអាក់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ក៏បានរំលេចអំពី ការដឹងគុណ ប្រទេសកម្ពុជា ចំពោះការគាំទ្រឥតងាករេរបស់ សម្ដេចតេជោនាយក ហ៊ុន សែន ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសទីម័រឡេស្ត ក្នុងការចូលជា សមាជិកអាស៊ាន និងអង្គការពាណិជ្ជកម្ម ពិភពលោក អស់រយៈកាលជាច្រើនឆ្នាំ កន្លងមក ផងដែរ។
យោងតាមសារលិខិតរបស់ លោក ទួត ម៉ាតាន់ រ៉ូអាក់ ផ្ញើរជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា «ទីម័រឡេស្ត ក៏បានសម្ដែងផងដែរនូវការដឹងគុណ ចំពោះការគាំទ្រឥតងាករេរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសទីម័រឡេស្ត ក្នុងការចូលជា សមាជិកអាស៊ាន និងអង្គការពាណិជ្ជកម្ម ពិភពលោក អស់រយៈកាលជាច្រើនឆ្នាំកន្លងមក។ លោកអះអាងថា លោកនៅតែបន្តពឹងផ្អែក លើការគាំទ្រនេះ នៅក្នុងកិច្ចដំណើរការនាំ ទៅរកការអនុម័ត ឱ្យប្រទេសទីម័រឡេស្តេ ក្លាយជា សមាជិកទី១១ នៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍»។
ចំពោះជំនួយដ៏មានអត្ថន័យរបស់កម្ពុជា លោកនាយករដ្ឋមន្រ្តីទីម័រឡេស្ត បានថ្លែងថា៖ «តាងនាមរដ្ឋាភិបាល និងប្រជាជនទីម័រឡេស្តេ ខ្ញុំសូមសម្ដែងនូវការដឹងគុណ ដ៏ស្មោះស្ម័គ្រជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងរដ្ឋាភិបាល នៃព្រះរាជណាចក្រកម្ពុជា សម្រាប់ការផ្តល់នូវម៉ាស់ចំនួន ១លាន និងសម្ភារៈវេជ្ជសាស្ត្រផ្សេងទៀត ជូនដល់ប្រជាជន ទីម័រឡេស្ដ»។
លោកចាត់ទុកថា កាយវិការសាមគ្គីភាពនេះ គឺជាការបោះជំហាន ទៅមុខក្នុងទំនាក់ទំនងទ្វេភាគី រវាងប្រទេសយើងទាំងពីរ និងជាការគូសបញ្ជាក់នូវ សមានចិត្តចែករំលែក និងការយកចិត្តទុកដាក់ ទៅវិញទៅមក រវាងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនទីម័រឡេស្តេ។ ដូចការលើកឡើងដ៏ត្រឹមត្រូវរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលថា នេះគឺជាកិច្ចសហប្រតិបត្តិការ ដែលនឹងអនុញ្ញាតឱ្យយើង អាចជម្នះបានលើ ជំងឺរាតត្បាតកូវីដ-១៩។
សូមបញ្ជាក់ថា ម៉ាសរបស់កម្ពុជាចំនួន១លាន៥ម៉ឺន និងសម្ភារៈបរិក្ខារមួយចំនួនទៀត ដែលបានដឹកតាមយន្តហោះ ចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅប្រគល់ប្រទេសទីម័រខាងកើត (ទីម័រឡេស្ត) ត្រូវបានប្រគល់ជូនរដ្ឋាភិបាល និងប្រជាជនទីម័រខាងកើតរួចរាល់ហើយ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ។ អំណោយទាំងនេះ ត្រូវបានដឹកនាំដោយ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ជំនួយរបស់កម្ពុជាផ្តល់ជូនប្រទេសទីម័រឡេស្តនាពេលនេះ រួមមាន៖ ៖ ម៉ាសចំនួន១លាន, ម៉ាសក្រណាត់៥ពាន់, ម៉ាស N95 ចំនួន១ម៉ឺន, វែនតាសុវត្ថិភាព ចំនួន១ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន១ម៉ឺនឈុត, ឧបករណ៍វាស់កំដៅ ចំនួន២៥០, របាំងមុខចំនួន១ម៉ឺន, ម៉ាស៊ីនជំនួយដល់ការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន១០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន១០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ២៥០កេស, ស្បែកជើងក៏វែងសុវត្ថិភាព៥០០គូ និងសាប៊ូលាងដៃ១ពាន់គូ៕