ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានឲ្យដឹងថា កាលពីខែវិច្ឆិកា ឆ្នាំ២០២០ តាមរយៈ ប.ស.ស. បានផ្ត ល់ជូនគោលរបបប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា នូវថវិកាសរុបជាង២.៨ពាន់លានរៀល បើកផ្តល់ជូន ស្រ្តីសម្រាលកូន ចំនួន៧ ០១៤នាក់។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ បេឡាជាតិសន្តិសុខសង្គម នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ដោយមាន ការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ឋសាស្រ្តសំខាន់ៗ ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ជាពិសេស ការគិតគូរពីតម្រូវការសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
បេឡាជាតិសន្តិសុខសង្គម បានបញ្ជាក់ថា «បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រាន់តែក្នុងរយៈពេល ១ខែប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានផ្តល់ជូនគោលរបបប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា នូវថវិកាសរុបប្រមាណជាង ២.៨ពាន់លានរៀល តាមរយៈ ប.ស.ស. បានបើកផ្តល់ជូនស្រ្តីសម្រាលកូនចំនួន ៧ ០១៤នាក់ មានចំនួនកូនសរុប ៧ ០៦៧នាក់។នេះបើ យោងតាមរបាយការណ៍របស់ការិយាល័យតាវកាលិក នៃបេឡាជាតិសន្តិសុខសង្គម»។
ជាងនេះទៅទៀត បេឡាជាតិសន្តិសុខសង្គម បានឲ្យដឹងថា ទាំងនេះ គឺជាការយកចិត្តទុកដាក់យ៉ាងខ្ពស់បំផុតពីប្រមុខ រាជរដ្ឋាភិបាល ក្រោមការដឹកនាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត។
បើទោះបីជាមានការវាយតម្លៃខ្ពស់ និងទទួលបានការកោតសរសើរពីប្រមុខរាជរដ្ឋាភិបាល ព្រមទាំងមានការគាំទ្រពីសំណាក់បងប្អូនកម្មករនិយោជិតជាសមាជិកយ៉ាងណាក៏ដោយ ស្ថិតនៅក្នុងស្មារតីទំនួលខុសត្រូវខ្ពស់ ដែលរាជរដ្ឋាភិបាលប្រគល់ជូន បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មានលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក បាន និងកំពុងបន្តដឹកនាំអនុវត្ត ដោយធ្វើយ៉ាងណាឱ្យការផ្តល់សេវាគាំពារសង្គមមួយនេះ កាន់តែមានភាពល្អប្រសើរ និងទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជូនកម្មករនិយោជិតជាសមាជិករបស់ខ្លួន៕

