ប្រភពមេរោគកូវីដ-១៩ ពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» អាចមកពីតំបន់អាស៊ី អាហ្វ្រិក និងអូស្ត្រាលី

0
7

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជានៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះ បានឲ្យដឹងថា សន្និដ្ឋានជាបឋមថា ប្រភពមេរោគកូវីដ-១៩ ដែលពាក់ព័ន្ធទៅនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» អាចជាក្រុមវីរុស clad 19B ដែលអាចមកពីតំបន់អាស៊ី អាហ្វ្រិក និងអូស្ត្រាលី ដែលបានចរាចរចូលមកកម្ពុជា ក្នុងអំឡុងពេលពីខែតុលា ឆ្នាំ២០២០។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា តាមការណែ នាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ,ក្រុមការងារអន្តរក្រសួង ទទួលបន្ទុករុករកស្រាវជ្រាវរួមគ្នា ជាមួយ នឹងក្រុមការងាររបស់ក្រសួងសុខាភិបាល បានខិតខំធ្វើការស្រាវជ្រាវរកប្រភពនៃការចម្លងវីរុសកូវីដ-១៩ ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា»។

ក្រសួងបន្ដថា តាមការពិភាក្សាក្នុងក្រុមការងារថ្នាក់ ដឹកនាំក្រសួងសុខាភិបាល ជាមួយនឹងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ដោយយោងតាមព័ត៌មានដែលទទួល កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ និងការសិក្សាផ្នែកមន្ទីរពិសោធន៍ តាមបែបវិទ្យាសាស្ត្រ លើប្រភេទវីរុសកូវីដ-១៩ ដែលអាចចម្លងមកកម្ពុជា សម្រាប់ «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្រុមការងារអាចទាញការសន្និដ្ឋានជាបឋម មានដូចតទៅ៖

ទី១-ប្រភពមេរោគដែលពាក់ព័ន្ធទៅនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា»អាចជាក្រុមវីរុស clad 19B ដែលអាចមក ពីតំបន់អាស៊ី អាហ្វ្រិក និងអូស្ត្រាលី ដែលបានចរាចរចូលមកកម្ពុជា ក្នុងអំឡុងពេលពីខែតុលា ឆ្នាំ២០២០ មកទល់ នឹងពេលមានផ្ទះករណ៍ឆ្លង នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២០។

ទី២-តាមការពិចារណាដោយហ្មត់ចត់លើលទ្ធផលនៃការសិក្សាវត្ថុសំណាកអ្នកជំងឺបំបែកបន្តៗគ្នារកភាពដូចគ្នានៃ វីរុសកូវីដ-១៩ (Sequencing Covid-19 virus sample) ទៅនឹងសំណាករូបរាងវីរុសកូវីដ-១៩ ពីតំបន់ផ្សេងៗគ្នា បាន បង្ហាញថា គឺមិនមានការទាក់ទងនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា នោះទេ។

និងទី៣-ជំហ៊ានបន្ទាប់ ក្រុមការងារកំពុងស្រាវជ្រាវបន្ថែមអំពីប្រភពចម្លងវីរុសកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។

ជាងនេះទៅទៀត ក្រសួងសុខាភិបាល បានធ្វើអំពាវនាវប្រជាពលរដ្ឋត្រូវអនុវត្តវិធានការការពារខ្លួនឲ្យបានត្រឹមត្រូវ (ពាក់ម៉ាស លាងដៃ រក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះ ឡើងទៅ) បើមិនមានការចាំបាច់ សុំនៅក្នុងផ្ទះ មើលការឃុំគ្រងកូនចៅសមាជិកគ្រួសារខ្លួនឲ្យបានល្អ និងមិនត្រូវ មានការជួបជុំគ្នាច្រើនកុះករ (លើសពី ២០នាក់ ) នោះឡើយ។

សូមបញ្ជាក់ថា គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់បានចំនួន ៨,៧៦៦នាក់ ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មី សរុបចំនួន១៩នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here