ចំណេះដឹង! វិធីសាស្ត្រងាយៗ ក្នុងការត្រួតពិនិត្យព័ត៌មាន ពិតឬក្លែងក្លាយ (Fake News)

0
9

នាយកដ្ឋានព័ត៌មានវិទ្យា បានឲ្យដឹងថា ដោយសង្កេតឃើញថា ក្នុងអំឡុងពេលនៃការរីករាលដាល ជាថ្មីម្តងទៀតនៃវីរុសកូវីដ១៩ នៅក្នុងព្រះរាជាណចក្រកម្ពុជា មានការផ្សព្វផ្សាយព័ត៌មាន ឬដំណឹងក្លែងក្លាយមួយចំនួន ដែលជាព័ត៌មានប្រឌិត បំភ្លៃ បំពុល ធ្វើឱ្យមហាជនមានការភ័យខ្លាច ព្រួយបារម្ភ និងបង្កជាចលាចលក្នុងសង្គម។ ព័ត៌មានក្លែងក្លាយទាំងនោះត្រូវបាន ផ្សព្វផ្សាយតាមបណ្តាញសង្គម និងគេហទំព័រព័ត៌មាន អនឡាញមួយចំនួន ដែលមានចេតនាបោកបញ្ឆោត ញុះញង់ ក្នុងគោលបំណងដើម្បីទទួលបាន នូវចំណូលផ្នែកហិរញ្ញវត្ថុពីប្រព័ន្ធអ៉នឡាញ បម្រើនិន្នាការនយោបាយ ឬដើម្បីបំផ្លាញកិត្តិយស ស្ថាប័ន អង្គភាព បុគ្គលណាម្នាក់ ជាដើម។

ថ្ងៃនេះក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានព័ត៌មានវិទ្យា សូមជម្រាបជូនសាធារណជននូវវិធីសាស្ត្រ ត្រួតពិនិត្យព័ត៌មាន ថាជាព័ត៌មានពិត ឬក្លែងក្លាយដូចខាងក្រោម ៖

វិធីសាស្រ្តទី១៖ លោកអ្នកអាចផ្ទៀងផ្ទាត់អត្ថបទ ព័ត៌មានដែលបានចេញផ្សាយ តាមរយៈគេហទំព័រពេញនិយមគឺ Google ដោយវាយឈ្មោះចំណងជើង ឈ្មោះជនល្មើស ឬឈ្មោះជនរងគ្រោះនោះនឹងបង្ហាញលទ្ធផល ឬទិន្នន័យពីស្ថាប័នសារព័ត៌មាន វិជ្ជាជីវៈដែលមានប្រភពព័ត៌មានច្បាស់លាស់ និងមានលក្ខណៈទូលំទូលាយ ។

វិធីសាស្រ្តទី២៖ ត្រូវញែកឲ្យដាច់ពីគ្នារ វាងប្រភេទព័ត៌មានថាៈ ជាប្រភេទដកស្រង់ពាក្យសម្តី មានប្រភពច្បាស់លាស់ ដែលជាប្រភេទព័ត៌មានពិត និងប្រភេទអ្នកសារព័ត៌មាន ចង់សរសេរដោយខ្លួនឯង ឬគ្រាន់តែឮគេថា ជាពាក្យចចាមអារ៉ាមហើយ សរសេរសន្មតយកតែម្តង ដែលនោះជាប្រភេទព័ត៌មានមិនពិត។

វិធីសាស្រ្តទី៣៖ ប្រភេទព័ត៌មានអន្តរជាតិ (International News) លោកអ្នកអាចវាយជាអក្សរជាភាសាអង់គ្លេស (English Language ) នៅលើគេហទំព័រ Google នូវចំណងជើងអត្ថបទដែលមានពាក្យគន្លឹះ (Keyword) ឬឈ្មោះបុគ្គលនោះអ្នកនឹងទទួលបានទិន្នន័យជាក់លាក់ជាច្រើន ឬក៏គ្មានទិន្នន័យប្រសិនជាព័ត៌មានក្លែងក្លាយ។

វិធីសាស្រ្តទី៤ ៖ លោកអ្នកអាចពិនិត្យឈ្មោះអ្នកនិពន្ធ/អ្នកថតរូប ពិនិត្យកាលបរិច្ឆេទចេញផ្សាយ ឬពិនិត្យតំណរភ្ជាប់ (LINK) នៅលើអត្ថបទ ឬវីដេអូបានផងដែរ ។

វិធីសាស្រ្តទ៥៖ ត្រូវទំនាក់ទំនង សាកសួរទៅកាន់អាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបញ្ជាក់បន្ថែមឲ្យបានច្បាស់សាល់ មុននឹងជឿងជាក់ ជាពិសេស ព័ត៌មានដែលអាចផ្តល់ ផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងសន្តិសុខជាតិ។ និងវិធីសាស្ត្រមួយចំនួនផ្សេងទៀត។

សូមសាធារណជនមេត្តាប្រុងប្រយ័ត្ន និងបង្កើនការយកចិត្តទុកដាក់ មុននឹងចែករំលែកព័ត៌មានបន្ត។ ដើម្បីចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ ( Fake News ) លោកអ្នកអាចធ្វើការរាយការណ៍ ព័ត៌មានប្រឌិតទាំងនោះ (ឧទាហរណ៍ Report Post) ទៅកាន់ក្រុមហ៊ុនផ្សព្វផ្សាយរបស់បណ្តាញសង្គម គេហទំព័រហ្វេសប៊ុក ឬរាយការណ៍ជូនអជ្ញាធរមាន សមត្ថកិច្ចដែលនៅជិតលោកអ្នក ៕

LEAVE A REPLY

Please enter your comment!
Please enter your name here