កសិករ ក្នុងខេត្ដបាត់ដំបង ស្នើអាជ្ញាធរអន្តរាគមន៍បន្ទាន់ ដោយសារស្រូវ នៅតែបន្តធ្លាក់ថ្លៃមិនឈប់

0
8

បាត់ដំបង៖ កសិករក្នុងខេត្ដបាត់ដំបងព្រួយបារម្ភខ្លាំងដោយសារ បញ្ហាតំលៃស្រូវវស្សា ប្រភេទស្រូវលេខ១ធ្លាក់ថ្លៃជាបន្តបន្ទាប់ ធ្វើឲ្យពួកគាត់ទូទាត់មិនគ្រប់ការចំណាយជាដើម។ កសិករក្នុងខេត្ដបាត់ដំបងដែលជួបបញ្ហាស្នើឲ្យអាជ្ញាធរពាក់ព័ន្ធធ្វើកិច្ចអន្តរាគមន៍បន្ទាន់ផងដែរ ។

កសិករដែលរស់នៅភូមិអន្លង់តាម៉ុក ឃុំរបោះមង្គល ស្រុកមោងឫស្សី បានលើកឡើងថា ក្នុងឆ្នាំនេះ បើទោះបីកាលពីចុងរដូវវស្សា មានទឹកជំនន់ធំលិចលង់ស្ទើរ នៅទូទាំងខេត្តបាត់ដំបង ប៉ុន្តែតំបន់ពួកគាត់ ពុំសូវទទួលរងធ្ងន់ធ្ងរនោះទេ ហើយដំណាំស្រូវក៏មិនសូវរងការរប៉ះពាល់នោះដែរ ។

កសិករបន្តថា បច្ចុប្បន្នស្រូវរបស់ពួកគាត់ បានចាប់ផ្ដើមប្រមូលផលបណ្ដើរៗហើយ ដែលមានដូចជាស្រូវផ្ការំដួល ស្រូវផ្កាម្លិះ និងស្រូវសែនក្រអូបជាដើម តម្លៃកាលពីដើមដៃក្នុងមួយតោនជាង ១លាន១០ម៉ឺនរៀល ហើយបានធ្លាក់ចុះជាបន្តបន្ទាប់ ដោយអ្នកខ្លះលក់ក្នុងមួយតោនបានត្រឹមជាង៨០ម៉ឺនរៀលតែប៉ុណ្ណោះ ដែលតម្លៃប៉ុននេះ មិនអាចទទួលយកបាននោះទេ ។

កសិករក្នុងឃុំរបោះមង្គលនេះ ក៏បានត្អូញត្អែរផងដែរ ចំពោះតម្លៃម៉ាស៊ីនច្រើនស្រូវ ដែលឡើងថ្លៃលើសជាងពាក់កណ្ដាល ដែលពីមុនតម្លៃច្រូតក្នុងមួយហិកតាត្រឹម ២៥ម៉ឺនរៀល ប៉ុន្តែបច្ចុប្បន្នឡើងដល់ ៦០ម៉ឺនរៀល ។ ជាមួយគ្នានេះ ពួកគាត់ក៏បានស្នើអាជ្ញាធរខេត្ត ជួយអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងជីកប្រឡាយ ក្នុងតំបន់ពួកគាត់ផង ដើម្បីអាចនាំទឹកពីស្ទឹងមោងធ្វើស្រូវបាន ២ដង ដូចតំបន់ផ្សេងៗ ។

ក្រុមឈ្មួញទិញស្រូវ នៅតំបន់នោះ ក៏បានឲ្យដឹងផងដែរថាសម្រាប់ស្រូវប្រភេទលេខ១នេះ មិនមែនមានតម្លៃត្រឹម៨០ម៉ឺនរៀលទាំងអស់នោះទេ បើស្រូវសុទ្ធល្អ មិនមានលាយច្រើន និងសម្បុរខ្មៅទេ ក្នុងមួយតោនអាចលក់បានយ៉ាងហោចណាស់ ជិត១លាន១០ម៉ឺនរៀល ។

ក្រុមឈ្មួញបានបន្តថា ប៉ុន្តែស្រូវដែលមិនសុទ្ធល្អមានតម្លៃធ្លាក់តាមនឹង ដោយខ្លះក្នុងមួយតោន លក់បានចាប់ពីជាង១លានរៀល ឬតម្លៃ ៩០ម៉ឺនក្រាសផងដែរ ហើយចំពោះស្រូវដែលធ្លាក់ដល់តម្លៃជាង៨០ម៉ឺនរៀលនេះ គឺស្រូវខូចគុណភាព លាយច្រើន ស្រូវលិចកប់ទឹកសម្បុរឡើងខ្មៅ ដែលមិនអាចកិនបរិភោគបាន បានតែធ្វើចំណីសត្វ ។

គួរបញ្ជាក់ផងដែរថា លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកន្លងមក ស្តីពីវឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តបាត់ដំបង ថា កាលពីឆ្នាំ២០១៩ ផ្ទៃដី អនុវត្តការដាំដុះស្រូវក្នុងខេត្តបាត់ដំបង សរុបមានចំនួនជាង ៣៨ ម៉ឺនហិកតា ទទួលបានទិន្នផល សរុបចំនួនជាង ១លានតោន ស្មើនឹងជាង៣តោនក្នុង១ហិកតា។

លោកបន្ថែមថា ខេត្តបាត់ដំបងបាន បង្កបង្កើនផលស្រូវរដូវវស្សា សម្រេចបានចំនួន១៨ ៣៨៩ ហិកតា ស្មើនឹង ៥.៦៩% នៃផែនការដាំដុះស្រូវរដូវវស្សាឆ្នាំ២០២០ចំនួន៣២៣ ២០០ ហិកតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here