ឃាត់ខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធករណីក្លែងព័ត៌មាន អំពីកូវីដ-១៩

0
10

ភ្នំពេញ៖ តាមបញ្ជារបស់ នាយឧត្តមសេនីយ៍ អគ្គស្នងការស្តីទី ឆៃ ស៊ីណារិទ្ធ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយអធិការខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួននារីម្នាក់ ឈ្មោះ ឈិន មន្ថា អាយុ ៣៥ឆ្នាំ មានអាសយដ្ឋាន ផ្ទះលេខ១២ ផ្លូវSK05 បុរីពិភពថ្មីកួរស្រូវ៣ ស្ថិតក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ មានមុខរបរជាអ្នកលក់អនឡាញ ដែលមានផេកឈ្មោះ MC Cosmetic។

យោងតាម នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអោយដឹងថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ម្ចាស់គណនីឈ្មោះ Ka Piink បានបង្ហោះក្នុងគណនីរបស់ខ្លួន ដែលមានខ្លឹមសារថា “ផ្សារជំពូវ័ន្តបិទហើយ អ្នកលក់ទូរស័ព្ទម្នាក់ បានស្លាប់ និងបងប្អូនគាត់៥នាក់ទៀត ក៏បានឆ្លងដែរ” បន្ទាប់មកមានអ្នកប្រើប្រាស់ បណ្ដាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកតៗគ្នាជាច្រើន ដោយខ្លឹមសារនេះបានផ្ទុយពីការពិតទាំងស្រុង។ ដោយឃើញដូច្នេះ អគ្គស្នងការស្តីទី បានចេញបញ្ជាឱ្យនាយកដ្ឋាន ជំនាញធ្វើការស្រាវជ្រាវ ជាបន្ទាន់ ដើម្បីបញ្ឈប់ការ ចែកចាយព័ត៌មាននេះ ដែលអាចបង្កឱ្យមានចលាចល នៅក្នុងសង្គម។ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២រសៀល កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនម្ចាស់គណនីខាងលើ ដើម្បីយកមកបំភ្លឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ។

ស្ត្រីឈ្មោះ ឈិន មន្ថា ដែលជាម្ចាស់គណនីនេះ បានសារភាពថា ខ្លួនពិតជាបានបង្ហោះព័ត៌មាន ដែលមានខ្លឹមសារដូចខាងលើ នោះមែន ដោយខ្លួនបានទទួល សារពីមិត្តភក្តិតាម Messenger ហើយដោយខ្វះការពិចារណា ខ្លួនក៏បានបង្ហោះព័ត៌មាននេះ ទៅក្នុងគណនីផ្ទាល់របស់ខ្លួន បន្ទាប់មកខ្លួនក៏បានលុបចេញវិញ ដោយមានអ្នកប្រាប់ថាព័ត៌មាននេះ មិនពិតទេ តែខ្លួនមិនបានដឹងថា មានអ្នកយកទៅចែកចាយ បន្តយ៉ាងច្រើន ដែលធ្វើឱ្យមានការភាន់ច្រឡំ ពីមហាជន។

ស្ត្រីឈ្មោះ ឈិន មន្ថា ក៏បានធ្វើការសុំអភ័យទោស និងសន្យាថាឈប់ចែកចាយ ព័ត៌មានណា ដែលមិនមានប្រភពច្បាស់លាស់ទៀតហើយ។

ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បានដាស់តឿន ក្រើនរំឭក ដល់អ្នកលេងក្នុងបណ្ដាញ សង្គមទាំងអស់ សូមធ្វើការពិចារណា និងផ្ទៀងផ្ទាត់ រាល់ព័ត៌មានទាំងអស់ មុនពេលធ្វើការបង្ហោះ ទៅក្នុងបណ្ដាញសង្គម ចៀសវាងបង្ហោះ ឬចែករំលែកព័ត៌មាន ណាដែលមិនមានការពិត និងគ្មានប្រភពច្បាស់លាស់ ដែលអាចប្រឈមចំពោះមុខច្បាប់ ព្រមទាំងបង្កឱ្យមានភាពចលាចល ដល់សង្គមជាតិទាំងមូល ថែមទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here