ចាប់តាំងពីកើតមាន ជំងឺរាតត្បាតកូវីដ១៩មក អាមេរិក ផ្ដល់ថវិកាជាង ១១លានដុល្លារ ដល់កម្ពុជា

0
7

ភ្នំពេញ៖ គិតចាប់តាំងពីជំងឺរាតត្បាត ជាសាកល កូវីដ១៩ បានចាប់ផ្តើមកើតមាន សហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួនជាង ១១លានដុល្លា ជាជំនួយទាក់ទងនឹងមេរោគកូវីដ ដល់ប្រទេសកម្ពុជា ដែលជាចំនួនលើសពីចំនួន ផ្តល់ដោយប្រទេសជាដៃគូដទៃណាទាំងអស់។

យោងតាមហ្វេសប៊ុក ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងថា ទីភ្នាក់ងារការពារ និងកម្ចាត់ជំងឺរបស់សហរដ្ឋអាមេរិក និងទីភ្នាក់ងារផ្នែកសុខភាពសាធារណ: ដទៃទៀតរបស់សហរដ្ឋអាមេរិក មានភាពជាដៃគូដ៏យូរ ជាមួយក្រសួងសុខាភិបាលកម្ពុជា និងអង្គការស្ថាប័នពាក់ព័ន្ធដទៃទៀត ដោយរួមមានកម្មវិធីកសាងសមត្ថភាព ក្នុងការតាមរកអ្នកមានការពាក់ព័ន្ធ និងអង្កេតមើលជំងឺឆ្លង។ ស្ថានទូតសហរដ្ឋអាមេរិក និងបុគ្គលិករបស់ខ្លួនគោរពយ៉ាងខ្ជាប់ខ្ជួន តាមគោលណែនាំទាំងអស់ទាក់ទង នឹងសុខភាពសាធារណ:របស់ប្រទេសកម្ពុជា។

ភាពជាដៃគូរបស់យើងជាមួយ នឹងប្រជាជនកម្ពុជាមានច្រើនរូបភាព។ តាមពិតទៅ សូម្បីតែនៅក្នុងអំឡុងពេលនៃ រោគរាតត្បាតជាសាកលនេះក្តី ក៏សហរដ្ឋអាមេរិកបានរួមចំណែកនូវថវិកាចំនួន ៧០០ ០០០ ដុល្លា ដែរ សម្រាប់បំពេញតម្រូវការក្នុងគ្រាបន្ទាន់ នៅតាមសហគមន៍ ដែលរងការប៉ះពាល់ដោយទឹកជំនន់ដ៏ធ្ងន់ធ្ងរ។

តាំងពីឆ្នាំ១៩៩២មក សហរដ្ឋអាមេរិកបានចំណាយ ថវិកាអស់ចំនួនជាង ២ពាន់លានដុល្លា នៅកម្ពុជា តាមរយ:កម្មវិធីដែលរួមមាន កម្មវិធីលើកកម្ពស់សុខភាព ការអប់រំ កសិកម្ម ការការពារបរិស្ថាន ការពង្រឹងអភិបាលកិច្ច និងសិទ្ធិមនុស្ស ហើយយើងនៅតែមានការប្តេជ្ញាចិត្ត ក្នុងការផ្តល់ការគាំទ្រដល់ សេចក្តីប្រាថ្នារបស់ប្រជាជនកម្ពុជា ដែលចង់ឲ្យមានអនាគតមួយ ប្រកបទៅដោយសុខភាពល្អ វិបុលភាព និងលទ្ធិប្រជាធិបតេយ្យ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here