ភ្នំពេញ៖ មន្ត្រីជំនាញអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.) ខេត្តព្រះសីហនុ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសហការគ្នាត្រួតពិនិត្យ និងវាយតម្លៃគុណភាពទំនិញ ដែលជាប្រភេទផលិតផលស្រាចំនួន ៣កុងតឺន័រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០។ នេះបើយោងតាមអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.)។
សមត្ថកិច្ចជំនាញទាំងពីរ បានធ្វើការត្រួតពិនិត្យ និងវាយតម្លៃគុណភាពទំនិញ ក្នុងនិក្ខិត្តភ័ណ្ឌគយ (ទំនិញគ្មានការទាមទា) ដែលជាប្រភេទផលិតផលស្រា ដែលមានទីតាំងស្ថិតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ លើផលិតផលស្រាម៉ាក Medea Vodka ចំនួន ១ទូកុងតឺន័រ ស្មើនឹង ១២០០កេស របស់ក្រុមហ៊ុន Quality Consumer Goods (Cambodia) CO.,LTD មានប្រភពមកពីប្រទេសអាមេរិក និងស្រាកូរ៉េ (Korean Wine) ចំនួន ២ទូកុងតឺន័រ ស្មើនឹង ២១២២កេស មានស្រាចំនួន ៦ប្រភេទ របស់ក្រុមហ៊ុន One Enterprise (Cambodia) Co., Ltd មានប្រភពមកពីប្រទេសកូរ៉េ។
ក្រោយពីការត្រួតពិនិត្យជាក់ស្តែងឃើញថា ផលិតផលខាងលើមានសម្បកវេចខ្ចប់ និងមានបញ្ជាក់ពីប្រភេទ និងប្រភពត្រឹមត្រូវ។ ដូចនេះមន្រ្តីជំនាញបានសម្រេចបិទសៀលលើទូកុងតឺន័រទាំងនោះ និងមិនអនុញ្ញាតឱ្យចរាចរលើទីផ្សារបណ្តោះអាសន្ន រង់ចាំលទ្ធផលវិភាគដែលបានបញ្ជូនពីមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប.៕