ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយសន្និដ្ឋានថា បុគ្គលចំនួន ២នាក់ អាចជាប្រភពនៃការចម្លងវីរុសកូវីដ១៩ ចូលក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ធ្នូនេះ បានឲ្យដឹងថា បុគ្គល ២នាក់ គឺស្ត្រីឈ្មោះ ឆែម សុនីតា អាយុ ៣០ឆ្នាំ និង បុរសឈ្មោះ តាំង សេវិនអាប់ អាយុ ៤២ឆ្នាំ អាចឆ្លង វីរុសកូវីដ-១៩ មុនគេ និងជាករណ៍ជាសះស្បើយ ក្រោយការបង្ករោគហើយ និងដែលអាចជាប្រភពទី១ នៃការចម្លង សម្រាប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា” ពីករណ៍នាំចូលមកកម្ពុជា ក្នុងកំឡុងខែតុលា ឆ្នាំ២០២០។
សូមបញ្ជាក់ថា ត្រឹមតែរយៈពេល ៥ថ្ងៃប៉ុណ្ណោះ ក្រសួងបានធ្វើតេស្ដលើសំណាក ១០.១៤៧សំណាក ក្នុងនោះរកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន២៩នាក់ នៃព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ។ ដោយឡែកគិតត្រឹមព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុប៣៤៥នាក់ (ស្ត្រី ៨០នាក់ និងបុរស ២៦៥នាក់) ក្នុងនោះព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៥នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៣៤នាក់ ៕