ភ្នំពេញ៖ រដូវរំហើយមកដល់ វាលស្រែពេញដោយស្រូវ បានប្តូរពីបៃតង ទៅជាពណ៌មាសឆ្អិនឆ្អៅ នៅក្នុងរមណីយដ្ឋានអង្គរ យ៉ាងស្រស់ស្អាត។ ប្រជាកសិករក៏កំពុងមមាញឹក ក្នុងការប្រមូលផលស្រូវ បើទោះជាហត់នឿយ តែទឹកមុខពោរពេញ ទៅដោយស្នាមញញឹម។ នេះបើយោងតាមអាជ្ញាធរជាតិអប្សរា។
បច្ចុប្បន្ន បច្ចេកវិទ្យាក្នុងវិស័យកសិកម្ម បានរីកចម្រើន ទំនើបជាខ្លាំងក៏ពិតមែន ហើយកសិករបានផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់ កម្លាំងមនុស្ស សត្វពាហនៈ មកប្រើម៉ាស៊ីនដើម្បីបង្កបង្កើនផលក៏ដោយ ក៏អ្នកភូមិក្នុងតំបន់អង្គរ នៅតែបន្តរក្សាបាននូវប្រពៃណី ប្រវាស់ដៃគ្នា ច្រូតកាត់ តាមទម្លាប់ដែលមាន តាំងយូរណាស់មកហើយ ហើយការប្រវាស់ដៃគ្នានេះ ក៏មានតាំងពីដកស្ទូង ភ្ជួររាស់ និងដឹកជញ្ជូនដែរ។
ការប្រវាស់ដៃគ្នាច្រូតកាត់ គឺបង្ហាញពីសាមគ្គីភាពក្នុងសហគមន៍ ដែលចេះជួយគ្នាទៅវិញទៅមក ចំណាយតិច សប្បាយរីករាយ និងច្រូតកាត់បានស្អាតល្អជាងប្រើម៉ាស៊ីន។
អាជ្ញាធរជាតិអប្សរា សូមសម្តែងនូវការកោតសរសើរ និងការគាំទ្រចំពោះ ការថែរក្សាបាននូវសាមគ្គីភាព ក្នុងការច្រូតកាត់ ការប្រើឧបករណ៍បុរាណ រួមទាំងទំនៀមទម្លាប់ របស់អ្នកស្រុកអង្គរ ទាំងការរស់នៅ ពិធីបុណ្យ និងជំនឿផ្សេងៗ ឱ្យនៅតែរស់រវើក មានជីវិតដល់សព្វថ្ងៃ ៕