ភ្នំពេញ: ដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាលនៅក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដែលមានលោកហ៊ុន ម៉ាណែត និងលោកស្រីពេជចន្ទ មុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោបានចាត់ឲ្យក្រុមការងារប្រគល់ម៉ាសចំនួន១០ម៉ឺនម៉ាស់ជូនបញ្ជាការដ្ឋានកងទ័ពជើងគោកដើម្បីប្រើប្រាស់នៅក្នុងក្របខណ្ឌកងទ័ពដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩។
ឧត្តមសេនីយ៍ទោ កៅ វណ្ណារ៉េត នាយសេនាធិការរង នាយការិយាល័យសុខាភិបាល កងទ័ពជើងគោកតំណាងឧត្តមសេនីយ៍ ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោដែលបានឧបត្ថម្ភម៉ាសចំនួន១០ម៉ឺនម៉ាសជូនដល់បញ្ជាការដ្ឋានកងទ័ពជើងគោកដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ពិធីប្រគល់ និងទទួលម៉ាសនេះ បានធ្វើនៅបញ្ជាការដ្ឋានកងទ័ពជើងគោកក្រោមវត្តមាន ឧត្តមសេនីយ៍ទោ កៅ វណ្ណារ៉េត និងលោកបណ្ឌិតហោ អូន តំណាងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានធ្វើពិធីប្រគល់-ទទួលនៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០។
ជាមួយគ្នានេះដែរដើម្បីចូលរួមយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងជំងឺកូវីដ-១៩ បានចុះធ្វើយុទ្ធនាការអប់រំសុខភាពជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍បឹងឈូកសហគមន៍បឹងឈូក និងប្រជាពលរដ្ឋរស់នៅតាមខ្នងផ្ទះនៅក្នុងទឹកដីខណ្ឌច្បារអំពៅនិងខណ្ឌមានជ័យ។
គួររំលឹកផងដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋចូលរួមការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការធ្វើចត្តាឡីស័ក និងចូលរួមអនុវត្តនូវវិធានការវិធានរបស់ក្រសួងសុខាភិបាល ឲ្យបានមាត់ចត់និងត្រឹមត្រូវ៕